មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យកណ្តាលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងបាងកក និងទីតាំងពីរផ្សេងទៀត កាលពីថ្ងៃពុធ ដើម្បីជម្រុញឱ្យរដ្ឋាភិបាលយោធាថៃ បញ្ចប់នូវអ្វីដែលពួកគេអះអាងថា ជាការបំភិតបំភ័យដល់សកម្មជនសហគមន៍ពីសំណាក់ក្រុមអាជ្ញាធរ។
ការធ្វើបាតុកម្មនេះគឺជាការសម្តែងឲ្យឃើញដ៏ធំបំផុតមួយអំពីការមិនពេញចិត្តចំពោះរដ្ឋាភិបាល ដែលមិនមានការបោះឆ្នោតរបស់ប្រទេសថៃ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។ ការប្រមូលផ្តុំនេះរៀបចំឡើងដោយចលនាប្រជាជនដើម្បីសង្គម ឬ P-Move ជាចលនាតំណាងឱ្យប្រជាកសិករក្រីក្រនៅទីក្រុង និងជនជាតិដើមភាគតិច ដែលត្រូវបានបង្ខំឱ្យចាកចេញពីដីភូមិដ្ឋានរបស់ពួកគេ។
ការតវ៉ានេះបានគូសបញ្ជាក់ពីការរីករាលដាលនៃភាពមិនប្រក្រតី ជាសាធារណៈមុនពេលការបោះឆ្នោតទូទៅមួយ ដែលរដ្ឋាភិបាលយោធាបានពន្យារពេលម្តងហើយ ម្តងទៀត។ កាលបរិច្ឆេទចុងក្រោយត្រូវបានកំណត់ធ្វើឡើងនៅឆ្នាំ ២០១៩ ។
ប្រទេសថៃត្រូវបានរង្គោះរង្គើរដោយការធ្វើបាតុកម្មតាមដងផ្លូវជាញឹកញាប់នៅចន្លោះរវាងឆ្នាំ២០០៨និងឆ្នាំ២០១៤។ របបយោធាបានថ្កោលទោសលើសេរីភាពនៃការបញ្ចេញមតិចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤ និងបានហាមឃាត់ការជួបជុំជាសាធារណៈ ដោយនិយាយថាសកម្មភាពរបស់ខ្លួន គឺចាំបាច់ដើម្បីរក្សាសន្តិភាពនៅមុនឆ្នាំ ២០១៩ដែលមានការបោះឆ្នោតកើតឡើង។
មនុស្សប្រហែល៩០០នាក់បានប្រមូលផ្តុំគ្នានៅទីតាំងចំនួនបី ក្នុងទីក្រុងបាងកកជាប្រវត្តិសាស្ត្រកាលពីថ្ងៃពុធ រួមទាំងនៅក្រៅការិយាល័យអង្គការសហប្រជាជាតិ ។ មន្ត្រីប៉ូលីសចំនួន៣០០ នាក់ត្រូវបានពង្រាយដើម្បីគ្រប់គ្រងហ្វូងមនុស្សទាំងនេះ ។
ក្រុមអ្នកតវ៉ាមួយចំនួនត្រូវបានគេមើលឃើញថា បានដាក់គ្រែនៅលើផ្លូវពីបរិវេណអគាររបស់រដ្ឋាភិបាល។
លោក Tanadet Teenaka មេបញ្ជាការរងស្នងការនគរបាល Nang Loeng បាននិយាយថា ក្រុមអ្នកតវ៉ា មានគម្រោងស្នាក់នៅប្រហែលពីរសប្តាហ៍។
អ្នកស្រី Sutharee Wannasiri អ្នកឯកទេសសិទ្ធិមនុស្សនៅ Fortify Rights បានចោទប្រកាន់យោធា និងប៉ូលីសពីការបំភិតបំភ័យសមាជិកនៃសហគមន៍ដែលគ្មានសិទ្ធិ។
លោក Sutharee បានប្រាប់រ៉យទ័រថា “វាគួរឱ្យព្រួយបារម្ភថា យោធានិងប៉ូលិសថៃបន្តបំភិតបំភ័យ និងឃុំឃាំងសមាជិកនៃសហគមន៍ ដែលរងផលប៉ះពាល់ ដោយគ្រាន់តែអនុវត្តសិទ្ធិរបស់ពួកគេក្នុងការតវ៉ាដោយអហិង្សា” ។
អ្នកស្រីបាននិយាយថា សមាជិកនៃក្រុម P-Move ត្រូវបានគេបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋានរបស់ពួកគេ ហើយមនុស្សជាច្រើនបានបាត់បង់ដីធ្លីធ្លីសម្រាប់ធ្វើកសិកម្ម ដោយសារតែរដ្ឋបាលយោធាបច្ចុប្បន្ននេះ។
ចលនា P-Move បាននិយាយថា អាជ្ញាធរបានឃុំខ្លួនមនុស្សជាងមួយរយនាក់ នៅក្នុងខេត្តឈៀងម៉ៃ ភាគខាងជើង ដើម្បីរារាំងពួកគេមិនឱ្យចូលរួមក្នុងការតវ៉ានៅទីក្រុងបាងកក ។
លោក Sansern Kaewkamnerd អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីដោះស្រាយបញ្ហាដែលលើកឡើង ដោយក្រុមថ្នាក់មូលដ្ឋាន។
លោក Sansern បាននិយាយថា “នាយករដ្ឋមន្រ្តីបានជំរុញអាជ្ញាធរពាក់ព័ន្ធឱ្យដោះស្រាយបញ្ហាភ្លាមៗ” ។
លោក Jamnong Nupan មេដឹកនាំតវ៉ាម្នាក់បានហៅរដ្ឋាភិបាលថា មិនស្មោះត្រង់។
Jamnong បានប្រាប់ក្រុមបាតុករថា “នាយករដ្ឋមន្ត្រីត្រូវតែប្រាប់យើងពីមូលហេតុ ដែលរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហារបស់យើងក្នុងរយៈពេល៤ឆ្នាំកន្លងមកហើយ” ។
នៅក្នុងការតវ៉ាមួយដាច់ដោយឡែក មនុស្សជាងមួយពាន់នាក់បានប្រមូលផ្ដុំនៅក្នុងទីក្រុងឈៀងម៉ៃ កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំងនឹងការកសាងគម្រោងលំនៅដ្ឋានប្រណីតរបស់រដ្ឋាភិបាលនៅលើដីព្រៃផងដែរ ៕ ថាច់ យ៉ាត