ព័ត៌មានទាន់ហេតុការណ៍៖

លួចរថយន្តបានហើយរត់មិនរួចត្រូវបានម្ចាស់ឃាត់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចរថយន្តកុងតឺន័រមួយគ្រឿងហើយបានព្យាយាមបើកគេចខ្លួនតែត្រូវម្ចាស់តាមទាន់ចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១ និង៣០នាទីថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើផ្លូវជាតិលេខ៤ មុខបុរីពិភពថ្មី ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យ ១-ឈ្មោះ សុខ វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងបាញ់ថ្នាំឡាន ស្នាក់នៅភូមិមិនស្នាល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ២-មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ។

ជនរងគ្រោះ ឈ្មោះ កែវ វឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកឡាន ស្នាក់នៅ ភូមិដំណាក់ត្របែកខាងលិច ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ព្រះសីហនុ 3A-5589 សណ្ដោងរ៉ឺម៉កកុងទីន័រ ស្លាកលេខ CAIU 9000868 ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃកើតហេតុខាងលើជនរងគ្រោះបានបើករថយន្តយកមកចតទុកនៅចំណុចកើតហេតុខាងលើ (ដឹកទំនិញពីក្រុងព្រះសីហនុ យកមករាជធានីភ្នំពេញ) ដោយជនរងគ្រោះបានទៅហូបបាយនៅកំបូល ។ លុះដល់ម៉ោងកើតហេតុខាងលើ ទើបទទួលបានដំណឹងថា បាត់រថយន្តមួយគ្រឿង ទើបជនរងគ្រោះបានជិះម៉ូតូមកដល់ចំណុចបាត់រថយន្ត រួចហើយបានជិះម៉ូតូតាមមកដល់ចំណុចមុខព្រលានយន្តហោះ ក៏ឃើញរថយន្តរបស់ខ្លួនត្រូវបានជនសង្ស័យបើក ពេលនោះជនសង្ស័យបានបើកទ្វាររថយន្តចុះគេចខ្លួនម្នាក់ ចំណែកម្នាក់ទៀតបានឃាត់ខ្លួនយកមកឲ្យសមត្ថកិច្ច ដើម្បីចាក់ការតាមច្បាប់ ៕ សុខាសែនជ័យ

ជនសង្ស័យ


ចែករំលែក៖