ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល ក្រុងសៀមរាប ចុះប្រតិបត្តិការហាមឃាត់មិនឲ្យមានការលក់ដូរនៅតំបន់ ព្រះអង្គចេកព្រះអង្គចម

ចែករំលែក៖

ខេត្តសៀមរាប៖ លោកអភិបាលក្រុងសៀមរាបនៅព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ បានចុះទៅទប់ស្កាត់ការលក់ដូររបស់ក្រុមអាជីវករចល័ត នៅតំបន់ព្រះអង្គចេកព្រះអង្គចម ទទួលបានលទ្ធផលល្អ មិនមានប្រតិកម្មជំទាស់ពីក្រុមអាជីវកនោះឡើយ ។

ក្រុមអាជីវករលក់ដូរចល័តប្រមាណជិត១០០នាក់ដែលបាននំាគ្នា ទៅលក់សម្លៀកបំពាក់នៅតំបន់ព្រះអង្គចេកព្រះអង្គចម នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នំា២០១៨នេះ ត្រូវបានអាជ្ញាធរក្រុងសៀមរាបចុះទៅទប់ស្កាត់មិនឲ្យមានការលក់ដូរបែបនេះបន្តទៅទៀតឡើយ ។ ព្រោះតំបន់នេះជាទីតាំងសក្ការៈបូជា និងជាតំបន់សម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត ។

លោក សូ ប្លាតុង អភិបាលក្រុងសៀមរាប ដែលបានដឹកនាំកម្លាំង និងក្រុមការងារចុះផ្ទាល់ក្នុងប្រតិបត្តិការររាំងការលក់ដូរអាណាធិបតេយ្យនេះបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ ដំណើរការទៅដោយរលូន ពុំមានប្រតិកម្មអវិជ្ជមានណាមួយកើតឡើងនោះទេ ព្រោះអាជ្ញាធរបានដោះស្រាយដោយសន្តិវិធី តាមរយៈនៃការអប់រំ ជូនដំណឹង និងមានវិធានការទប់ស្កាត់ ដោយកម្លាំងសមត្ថកិច្ចនា ជាមុនរួចហើយ ។

លោកអភិបាលក្រុងបានសំណូមពរដល់ប្រជាពលរដ្ឋ សូមឲ្យមានការចូលរួមជាមួយអាជ្ញាធរ ជាពិសេស គឺកន្លែងសួនច្បាដែលអាជ្ញាធរបានរៀបចំស្អាតហើយ មិនត្រូវមកតាំងធ្វើកន្លែងលក់ដូរអនាធិបតេយ្យខុសច្បាប់នោះទេ ព្រោះការរៀបចំសួរច្បាទំាងអស់ មិនមែនសម្រាប់លក់ដូរនោះទេ គឺដើម្បីសម្រាប់ឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកដើរលេងកម្សាន្ត ។

លោក ហាស វាសនា ភ្ញៀវទេសចរជាតិ មកពីរាជធានីភ្នំពេញ ដែលបានមកកម្សាន្តនៅតំបន់ព្រះអង្គចេកព្រះអង្គចមនេះ បានសម្តែងការគំាទ្រចំពោះវិធានការរបស់អាជ្ញាធរក្រុង ដែលធ្វើឲ្យតំបន់នេះវិលមករកសភាពដើមវិញដោយពុំមានការលក់បែបអាណាធិបតេយ្យនោះបន្តទៀត ។

លោក ហាស វាសនា យល់ឃើញថា នៅតំបន់ព្រះអង្គចេកព្រះអង្គចម គឺជាទីតាំងសក្ការៈបូជា និងជាតំបន់សម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត ដូច្នេះការទប់ស្កាត់មិនឲ្យមានការលក់អនាធិបតេយ្យនេះ ជារឿងដែលល្អបំផុត ។

សូមបញ្ជាក់ថា កម្មភាពដែលក្រុមអាជីវករលក់ដូរចល័តប្រមាណជិត១០០នាក់ បានបោះទីតាំងលក់ដូរនៅលើតំបន់មុខព្រះរាជតំណាក់ជិតព្រះវិហារព្រះអង្គចេកព្រះអង្គចមនេះ គឺកើតឡើងនៅអំឡុងពេលចូលឆ្នាំខ្មែរ៕ ប៊ុនរិទ្ធី


ចែករំលែក៖