ភ្នំពេញ៖ ម្ចាស់ជ័យលាភីThe Voice Cambodia រដូវកាលទី១គឺលោកប៊ុត សីហា ទទួលបានការរិះគន់ខ្លាំងទាក់ទិននឹង ការប្រើប្រាស់គ្រឿងញៀន។ លោកក៏ទទួលបានការ លើកទឹកចិត្តឲ្យកែកំហុស និងចូលប្រឡូកក្នុងអាជីពសិល្បៈជាថ្មីផងដែរ ដែលគ្រានេះលោកស្នើ ឲ្យផលិតករ ផ្តល់ការយោគយល់ ដោយការ ផ្តល់ឱកាស ឡើងឆាក។
អស់រយៈពេលជាង ២ ខែហើយ ដែលតារាចម្រៀង ប៊ុត សីហា លេចចេញរឿងអាស្រូវ និងបន្ទាប់ពីតារារូបនេះត្រូវបានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា មិនអនុញ្ញាតឲ្យលោកចេញទៅ ច្រៀងរាំលើទឹកដីនៃសហរដ្ឋអាមេរិក។ ទៅជាយ៉ាងណាតារារូបនេះ ព្យាយាមបញ្ចេញឯកសាពិនិត្យ ទឹកនោម ដើម្បីលាងជម្រះរឿង អាស្រូវ ដ៏ធំមួយនេះ។ នៅពេលនេះ ប៊ុត សីហា បានបញ្ចប់ការងារ នៅផលិតកម្ម ហង្សមាស រួចហើយ ហើយលោកត្រូវបាន គេសង្ស័យដែរថា បានវេចបង្វេច ទៅជ្រកក្រោមដំបូលផលិតកម្ម សាន់ដេ។ ជួបរឿងអាស្រូវធំ និងត្រូវខើចឱកាសចេញរកលុយនោះធ្វើឲ្យ ប៊ុត សីហា កើតទុក្ខមិនតិចទេ ហើយថ្មីៗនេះតារារូបនេះបានប្រកាសរកឱកាសឡើងច្រៀងតាមការប្រគំតន្ត្រីនានាព្រោះលោកមិនមានផលិតកម្មណាជ្រកកោនទេមានតែច្រៀងតាមតាមឆាកមង្គលការជប់លាងតាមជនបទនោះ។
លោកថា៖«បងប្អូនអាចទាក់ទងហៅខ្ញុំច្រៀងបានបាទមិនរវល់ទេ សីហារីករាយនឹងទៅ»។បន្ថែមពីលើនេះតារាចម្រៀងមកពីខេត្តកំពង់ស្ពឺប៊ុតសីហាថាលោកមានបទចម្រៀងខ្លះហើយតែមិនមានអ្វីថតMV នឹងគេដោយក្នុងនោះលោកបានបញ្ជាក់ថាមានបទចម្រៀងចេញ១បទបានរកគេជួយធ្វើគឺបទ«កូនខុសហើយម៉ែ»។ ចំណងជើងបទចម្រៀង១បទនេះពិតជាមានន័យចាត់ដោតនិងអាចជាបទដែលរៀបរាប់ពីជីវិតលោកផងដែរ៕ វឌ្ឍនា