ភ្នំពេញ ៖ បុរសបរទេសម្នាក់បានរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូធំ ក្នុងល្បឿនយ៉ាងលឿន បុកជាមួយម៉ូតូគ្រឿងទៀតពីក្រោយពេញទំហឹង បណ្ដាលឲ្យបុរសនារី៣នាក់កំពុងជិះឌុបគ្មា រងរបួសស្រាល បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង០៥:១០នាទីព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះ នៅចំណុចផ្លូវព្រះនរោត្តម ត្រង់ចំណុចមុខស្ថានទូតជប៉ុន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ជិះម៉ូតូ PCX ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1BU-8844 ឌុបនារី២នាក់ ដោយធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនធម្មតា ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូធំមួយគ្រឿង ទៀត (ដែលគេនិយមហៅថាម៉ូតូអាឆ្កែ) បើកបរដោយបុរសបរទេសម្នាក់ មិនស្គាល់អត្តសញ្ញាណ វ័យកណ្ដាល បានធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនដូចហោះ បានជ្រុលទៅបុកម៉ូតូ PCX ខាងលើពីក្រោយពេញទំហឹង បណ្ដាលឲ្យបុរសនារី៣នាក់កំពុងជិះឌុបគ្នានោះ ខ្ទាតធ្លាក់ពីលើម៉ូតូរងរបួសស្រាល រលោតដៃជើងបន្តិចបន្តួចប៉ុណ្ណោះ រីឯបុរសបរទេសដែលជិះម៉ូតូធំបង្កខាងលើ បានរងរបួសបែកក្បាលនិងដងខ្លួនហូរឈាមពេញខ្លួនប្រាណ ដេកសន្លប់ស្ដូកស្ដឹង នៅលើថ្នល់។
ក្រោយពេលកើតហេតុបុរសដែលម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តគិលាសង្គ្រោះគ្លីនិកឯកជនមកដឹកយកទៅជួយសង្គ្រោះនៅគ្គីនិកឯកជន សុខលាភមេត្រី ភ្លាមៗផងដែរ។ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចគូសគំនូសរួចលើកដាក់លើចិញ្ចើមផ្លូវ និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រងចាំភាគីទាំងសងខាងចូលមកដោះស្រាយគ្នាតាមផ្លូវច្បាប់ពេលក្រោយ៕ ភារ៉ា ដង្កោ