ការអភិវឌ្ឍសេដ្ឋកិច្ច គឺជាតម្រូវការចាំ បាច់របស់មនុស្ស ដើម្បីធ្វើឲ្យជីវិតរស់នៅកាន់តែប្រសើរ ។ ទន្ទឹមនឹងការរីកចម្រើន នោះមនុស្សជាតិបានធ្វើឲ្យបរិយាកាស ដ៏បរិសុទ្ធជុំវិញខ្លួនរស់នៅទៅជាអាប់អួដោយមិនដឹងខ្លួន បំផ្លាញដល់ជីវិតរស់នៅ នា ពេលអនាគត ទាំងមនុស្សជាតិនិងរុក្ខ ជាតិ។
ទម្រាំតែមនុស្សភ្ញាក់ខ្លួនផ្សែងពុលបានគ្របដណ្តប់ពាសពេញពិភពលោកទៅ ហើយ ។នៅពេលនេះប្រទេស ជុំវិញ ពិភពលោក បានសម្រេចចេញនយោបាយ ការពារ បរិយាកាស ដោយកាត់បន្ថយការបញ្ចេញផ្សែងពុលចូលក្នុងបរិយាកាស។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ចេញផ្សាយនៅថ្ងៃពុធទី ២ ខែឧសភា ឆ្នាំ២០១៨នេះ មានមនុស្សដល់ទៅ៩នាក់ក្នុងចំណោម១០នាក់ រស់នៅ លើភពផែនដី ដកដង្ហើមស្រូបយកខ្យល់ ពុល ដែលមានធាតុល្អិតឆ្មារៗខ្លាំង ជា ប្រចាំ និងជារៀងរាល់ថ្ងៃ។ ជាខ្យល់ពុល បញ្ចេញដោយរោងចក្រឧស្សាហកម្ម មធ្យោបាយដឹកជញ្ជូន ក្នុងបរិយាកាស ខាងក្រៅផង និងជាខ្យល់ពុលវល់ក្នុងផ្ទះ គ្មានចរន្តប្តូរផ្លាស់ផង។ ខ្យល់ពុលនាំឱ្យ ស្លាប់ ! នេះជាការរំលឹករបស់អង្គការសុខភាពពិភពលោក។
ខ្យល់ពុលក្នុងបរិយាកាសមិនមែនត្រឹមតែធ្វើឱ្យអ្នកឈ្លក់ ក្អក កណ្តាស់នោះទេ! តែខ្យល់ពុលកំពុងសម្លាប់មនុស្សទាំងហ្វូងៗ និងគួរឱ្យព្រឺឆ្អឹងខ្នងតែម្តង ! នេះបើតាមតួលេខផ្តល់ដោយអង្គការសុខភាពពិភពលោក។ ជារៀងរាល់ឆ្នាំ ខ្យល់ពុលក្នុង បរិយាកាសបានសម្លាប់មនុស្សឱ្យស្លាប់ មុនអាយុចំនួន ៧លាននាក់ នៅលើ ពិភពលោក។ មានន័យជាចំនួនមរណៈដ៏ច្រើនខ្លាំងជាងចំនួនមរណៈព្រោះជំងឺស៊ីដា (១,១លាននាក់) របេង (១,៤លាននាក់) ទឹកនោមផ្អែម (១,៦លាននាក់) និងគ្រោះ ថ្នាក់ចរាចរណ៍ (១,៣លាននាក់) បូក បញ្ចូលគ្នាទៅទៀត។
ខ្យល់ពុលនេះ មានទាំងនៅក្រៅ និង ក្នុងផ្ទះ ! នៅតាមបណ្តាប្រទេសក្រីក្រ ការ ប្រើអុស ធ្យូង ប្រើប្រេងកាត សម្រាប់ធ្វើម្ហូប សម្រាប់ដុតកម្តៅ ឬសម្រាប់បំភ្លឺ បានធ្វើឱ្យ ខ្យល់នៅក្នុងផ្ទះ ក្លាយជាខ្យល់ពុលខ្លាំង ហើយខ្យល់ពុលក្នុងផ្ទះនេះ ជាឃាតក សម្លាប់ជីវិតមនុស្សបីលាន៥សែននាក់ ពោលគឺពាក់កណ្តាលនៃចំនួនអ្នកស្លាប់ដោយសារខ្យល់ពុលសរុប។
អង្គការសុខភាពពិភពលោក បានទទួល ស្គាល់ ខ្យល់ពុលថាជាកត្តាដ៏ចម្បងបង្កនាំឱ្យមានជំងឺមិនឆ្លង (៧០%នៃមរណភាព នៅលើពិភពលោក គឺបណ្តាលមកពីជំងឺមិនឆ្លងនេះឯង)។ បើតាមការប៉ាន់ស្មាន ធាតុល្អិតឆ្មារៗរបស់ខ្យល់ពុល ដែលបានជ្រៀតចូលបានយ៉ាងជ្រៅទៅក្នុងសួត និងប្រព័ន្ធសរសៃឈាមបេះដូងរបស់មនុស្ស បានបង្កឱ្យមានបញ្ហាសុខភាព និងធ្វើឱ្យសុខភាពធ្លាក់ដុនដាប ដូចជាមានជំងឺ ដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺបេះ ដូង ជំងឺមហារីកសួត រលាកសួតរ៉ាំរៃ៉និង ជំងឺប្រព័ន្ធផ្លូវដង្ហើមជាច្រើនទៀត។
ជាង៩០%នៃមរណភាពព្រោះខ្យល់ ពុល កើតឡើងនៅក្នុងប្រទេសក្រីក្រ និង មធ្យម ដែលស្ថិតនៅក្នុងទ្វីបអាស៊ី និង អាហ្វ្រិក។ ទីប្រជុំជននិងក្រុងដែលប៉ះ ពាល់ខ្លាំងជាងគេ មានជាអាទិ៍ ញូវដេលី ឡឺគែរ ដាកា ប៊ុមបៃ និងប៉េកាំង។ បើតាម របាយការណ៍ដដែល បញ្ជាក់ទៀតថា កម្រិតនៃជាតិពុលក្នុងខ្យល់មានខ្ពស់ខ្លាំង នៅ តាមតំបន់មជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង និងអាស៊ីអាគ្នេយ៍។ ជាអត្រាដ៏ខ្ពស់ជាង កម្រិតអនុគ្រោះជាមធ្យមប្រចាំឆ្នាំកំណត់ដោយអង្គការសុខភាពពិភពលោក ដល់ ទៅ៥ដង។
នៅក្នុងប្រទេសចិន លទ្ធផលនៃការ សិក្សាមួយរបស់សាកលវិទ្យាល័យ Chicago នៅអាមេរិកចេញផ្សាយជាសាធារណៈ ថា ចិនដែលជាប្រទេសទី១បំពុលបរិយាកាសលើលោកបាន និងកំពុងទទួលជោគជ័យនៅក្នុងយុទ្ធនាការប្រឆាំងផ្សែងពុល បរិយាកាស។ ផ្អែកតាមលទ្ធផលនៃការ សិក្សាដដែល ជោគជ័យនេះនឹងអាចជួយបង្កើនអាយុកាលរស់នៅជាមធ្យមរបស់ ពលរដ្ឋចិនជាង ២ឆ្នាំបន្ថែមទៀត។
គឺដោយផ្អែកលើទិន្នន័យបានមកពី ឧបករណ៍ស្ទង់ចំនួន ២០០ ដាក់តាំងនៅ ទូទាំងប្រទេសចិនដែលសាកលវិទ្យាល័យ Chicago ហ៊ានសន្និដ្ឋានថា ចិនកំពុង ទទួលបានជោគជ័យនៅក្នុងយុទ្ធនាការ ប្រឆាំងផ្សែងពុលបរិយាកាស។ តាម សាកលវិទ្យាល័យ Chicago អត្រានៃសារធាតុល្អិតឆ្មារដែលគ្រោះថ្នាក់ខ្លាំងដល់ជីវិតបានថយចុះចំនួន ៣២% ក្នុងចន្លោះឆ្នាំ ២០១៣ និង ២០១៧។ តាមលទ្ធផលនៃ ការសិក្សាដដែល បើអត្រាសារធាតុល្អិតឆ្មារនឹងបន្តធ្លាក់ចុះក្នុងកម្រិតដដែលនាពេលខាងមុខទៀត នោះអាយុកាលរស់នៅជា មធ្យមរបស់ពលរដ្ឋចិននឹងមានការកើនឡើងជិត ២ឆ្នាំកន្លះ។
លោក Michael Greenstone ដែលជាអ្នកដឹកនាំការសិក្សានេះបានថ្លែងថា ចិន ជាប្រទេសគំរូទី១ ដែលទទួលបានជោគ ជ័យឆាប់រហ័សនៅក្នុងយុទ្ធនាការប្រឆាំងផ្សែងពុលបរិយាកាស។ នៅអាមេរិក គេ ត្រូវការពេលវេលាជាង ១០ឆ្នាំទើបអាច សម្រេចគោលដៅស្មើនឹងចិន បន្ទាប់ពី អាមេរិកបានអនុម័តច្បាប់ស្តីពីខ្យល់ក្នុងឆ្នាំ ១៩៧០ នេះជាការបញ្ជាក់បន្ថែមរបស់ លោក Greenstone។ សូមជម្រាបជូនថា គឺដោយមានសម្ពាធរបស់មហាជនចិនដែលរដ្ឋាភិបាលក្រុងប៉េកាំងបានចេញផែនការប្រឆាំងនឹងផ្សែងពុលបរិយាកាសក្នុងឆ្នាំ ២០១៣។
គោលដៅនៃផែនការនោះ គឺកាត់បន្ថយ ឲ្យបាន ១ភាគ៤ នូវកំហាប់សារធាតុល្អិតឆ្មារក្នុងបរិយាកាសនៅតាមតំបន់សំខាន់ៗមួយចំនួនស្ថិតជុំញទីក្រុងប៉េកាំង និងទី ក្រុងសៀងហៃ។ នយោបាយប្រឆាំងផ្សែងពុលបរិយាកាសនេះបានធ្វើឲ្យប៉ះពាល់ សង្គម និងខាតបង់សេដ្ឋកិច្ចជាច្រើន ព្រោះរដ្ឋអំណាចបានបញ្ជាឲ្យបិទទ្វាររោងចក្រជាច្រើនពាន់ដែលស្ថិតក្បែរទីក្រុងខ្លាំងពេក។ បន្ទាប់មកនាដំណាច់ឆ្នាំ ២០១៧ រដ្ឋអំណាចចិនក៏បានប្រកាសលែងឲ្យប្រើប្រាស់ម៉ាស៊ីនកម្តៅខែរងារដែលដើរដោយធ្យូង។
លោក Greenstone បានផ្តល់ចំណាប់អារម្មណ៍ដោយកត់សម្គាល់ថា ចិនមិនត្រូវបានគេចាត់ទុកជាប្រទេសប្រជាធិបតេយ្យទេ តែរដ្ឋាភិបាលមានសុឆ្ឆន្ទៈ និងសេចក្តីក្លាហានចាត់វិធានការតាមការទាមទាររបស់មហាជន៕ ម៉ែវ សាធី