ខេត្តកំពង់ធំ៖ ស្រ្ដីម្នាក់ដើរឆ្លងថ្នល់ត្រូវបានម៉ូតូបុកស្លាប់ កាលពីវេលាម៉ោង១៨និង៥៦នាទី ថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ក្នុងភូមិត្រពាំងត្រំ ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ប្រភពពត៍មានពីសមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចររវាង ម៉ូតូបុកអ្នកថ្មើរជើងកំពុងដើរលើផ្លូវ ក្នុងទឹសដៅស្របទិសគ្នា(ពីជើងទៅត្បូង) បណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់ឈ្មោះ សេង ផាត ភេទស្រី អាយុ៦១ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(ស្លាប់នៅកន្លែងកើតហេតុ) ។
ចំណែកអ្នកបើកបរម៉ូតូឈ្មោះ ជុំ.បូរិន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ បើកបរម៉ូតូម៉ាកsuzuki viva 125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1B.3338 (គេចខ្លួន)(មិនពាក់មួកសុវត្ថិភាព)។
ក្រោយពីសមត្ថកិច្ចចុះវាស់វែង ប្រគល់សាកសពអោយសាច់ញាតិចាត់ចែងធ្វើបុណ្យ និង យក វត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទីពោធិ៍ ស្រាវជ្រាវ ហៅជនបង្កចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។
មូលហេតុ ជាបឋមបង្កដោយអ្នកបើកបរម៉ូតូមានល្បឿងលឿន រួមផ្សំនឹងអ្នកថ្មើរជើងដើរលើផ្លូវខ្វះការប្រុងប្រយ័ត្ន ៕ ប៊ុន រិទ្ធី