ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់បាន ស្ពាយបង្វិចឡើងមកលើស្ពានប៉ុនប៉ងលោតទឹក សម្លាប់ខ្លួន ព្រោះតែតូចចិត្តនឹងប្តីទៅមានស្រីថ្មី តែត្រូវសមត្ថកិច្ចយាមស្ពានរារាំអទាន់។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែឧសភានេះ នៅលើស្ពានអាកាសព្រះមុនីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។
យ៉ាងណាស្ត្រីរូបនេះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ តែបើតាមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា ពេលដែលគាត់ធ្វើដំណើរឆ្លងកាត់ទីនោះក៏ប្រទះឃើញស្រ្តីរងគ្រោះរងគ្រោះអាយុជាង២០ឆ្នាំរូបនេះកំពុងឈរយំនៅកណ្តាលស្ពានតែម្នាក់ឯង ដោយមានយួរថង់សម្លៀកបំពាក់មួយថង់ផង។ ដោយឃើញដូច្នេះពួកគាត់ក៏ឈប់ម៉ូតូចាំមើល ស្រាប់តែនារីនោះបម្រុងឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្នុងទឹកតែត្រូវអ្នកដែលបានឃើញហេតុការណ៍ចូលជួយឃាត់និយាយលួងលោមនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ ។
បន្ទាប់មកអាជ្ញាធរមកដល់បានលួងលោមនាងនិងសុំលេខទូរស័ព្ទរបស់សាច់ញាតិ ត្រូវស្ត្រីរូបនោះប្រាប់លេខទូរស័ព្ទប្តីរបស់នាង។ ពេលដែលទូរស័ព្ទប្រាប់បែរជាប្តីឆ្លើយថា មិនខ្វល់ទេ ហើយថែមទាំងនិយាយទៀតថា (បើវាចង់ស្លាប់ ឲ្យវាលោតទឹកទៅ) មានផ្ទះឲ្យនៅមិនចង់នៅ វាចង់ទៅណាក៏ទៅៗ! និយាយចប់ក៏បិទទូរស័ព្ទ ។
ចំណែកស្រី្តរងគ្រោះបានបង្ហើបឲ្យដឹងថា មូលហេតុដែលធ្វើឲ្យគាត់គិតខ្លីបែបនេះ គឺដោយសារតែគាត់តូចចិត្តនឹងប្តី លួចមានស្រីខាងក្រៅ មិនដែលយល់ពីអារម្មណ៍គាត់ជាប្រពន្ធឡើយគិតតែខ្លួនឯង ទើបគាត់សម្រេចចិត្តចង់បញ្ចប់ជីវិតគាត់កុំឲ្យនៅឈឺចិត្តដោយសារ តែប្តីបែបនេះទៀត
ក្រោយពីសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុក៏បាននិយាយលួងលោមដោយពាក្យសម្តីល្អៗ ទើបនាងយល់ព្រមមិនលោតទឹករួចបានជួយជូននាងត្រឡប់ទៅដល់បន្ទប់ជួលនាង នៅឯសង្កាត់ព្រែកប្រាវិញដោយមិនដឹងថា ប្តីនាងខឹងទង្វើបែបនេះឬយ៉ាងណាទេ ៕ សហការី