កន្លងមកមានព័ត៌មានចចាមអារ៉ាម បានផ្សាយថា ភរិយាអតីតប្រធានាធិបតី អាមេរិក បារ៉ាក់អូបាម៉ា នឹងឈរឈ្មោះ ប្រជែងតំណែងប្រធានាធិបតីអាមេរិក នៅអាណត្តិក្រោយ បន្ទាប់ពីលោកស្រីហ៊ីលឡារីគ្លីនតុន ដែលជាស្ត្រីទីមួយដែលពល រដ្ឋអាមេរិកមួយចំនួនធំសង្ឃឹមថានឹងក្លាយជាប្រធានាធិបតីស្រីអាមេរិក ប៉ុន្តែបែរ ជាបរាជ័យ ក្រោមលោកត្រាំ។
ប៉ុន្តែ នៅពេលនេះភរិយាលោក អូបាម៉ា បានប្រកាសទាត់ចោល ព័ត៌មានខាងលើ។ លោកស្រី មីឈែល អូបាម៉ា (Michelle Obama) បានប្រកាសជាសាធារណៈថា លោកស្រីពុំមានគម្រោងដើម្បីឈរឈ្មោះ ដើម្បីប្រកួតប្រជែងធ្វើជាប្រធានាធិបតី អាមេរិក នាពេលអនាគតនោះឡើយ ទោះ បីជាលោកស្រី កំពុងមានប្រជាប្រិយភាពកើនឡើងយ៉ាងណាក៏ដោយ ហើយប្រការ នេះទៀតសោត បានបង្កឲ្យផ្ទុះជាការតស៊ូមតិគ្នាពេញលើបណ្តាញទំនាក់ទំនង សង្គម។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ ២០១៨។
ឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាម ដែលថាខ្លួនប្រហែលជាអាចឈរឈ្មោះ ធ្វើជាប្រធានាធិបតីអាមេរិក ក្នុងការបោះ ឆ្នោតឆ្នាំ២០២០ លោកស្រី Michelle បាននិយាយថា លោកស្រីពុំមានបំណង ដើរតាមជំហានជើងរបស់ស្វាមីលោកស្រី គឺអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ឡើយ ហើយបានឆ្លៀតបកស្រាយ បន្ថែមថា «សហរដ្ឋអាមេរិក ជាដំបូងឡើយគួរតែរួបរួមសាមគ្គីគ្នា ជាជាងប្រាថ្នាស្វែងរកបុគ្គលដ៏អស្ចារ្យ ដើម្បីមកធ្វើជាអ្នកជួយសង្រ្គោះខ្លួន»។
គួរជម្រាបថា ចំណែកឯ Twitter វិញ បានមានប្រតិកម្មខុសៗគ្នា ចំពោះការ សម្រេចចិត្តបែបនេះ របស់លោកស្រី Michelle ដែលមិនដូចការរំពឹងទុករបស់ អ្នកគាំទ្ររបស់លោកស្រី ដោយអ្នកប្រើ ប្រាស់មួយចំនួននៃបណ្តាញសង្គមនេះ បានងាកទៅអរគុណព្រះយេស៊ូគ្រិស្ត ហើយរៀបរាប់ពីអ្វីៗគ្រប់យ៉ាង ដែលពួក គេជឿជាក់ថា លោកស្រីបានធ្វើខុសឆ្គង កាលពីអំឡុងអាណត្តិកាន់អំណាចរបស់ស្វាមីលោកស្រី និងខ្លះទៀតបានបង្ហាញពីការខកចិត្តរបស់ពួកគេ៕ ម៉ែវ សាធី