ព័ត៌មានទាន់ហេតុការណ៍៖

លីបង់បោះឆ្នោតជ្រើសរើសសមាជិកសភាថ្មីដើម្បីរៀបចំប្រទេសឆ្ពោះទៅរកសន្តិភាព

ចែករំលែក៖

លីបង់ ជាប្រទេសដែលមានអំពើហិង្សា ប៉ុន្តែមិនធ្លាក់ចូលក្នុងសង្គ្រាម ដូចប្រទេស ជិតខាងនោះឡើយ ។ ប្រជាជនលីបង់ ជិត៤លាននាក់ នៅថ្ងៃអាទិត្យ ទី៦ ខែ ឧសភា បាននាំគ្នាទៅបោះឆ្នោតសភា ដែលទើបរៀបចំជាលើកទី១ ក្នុងរយៈ ពេល៩ឆ្នាំចុងក្រោយនេះ។ សភាលីបង់ មានតួនាទីជ្រើសរើសប្រធានាធិបតី ជាអ្នកជ្រើសតាំងបន្តនាយករដ្ឋមន្រ្តី ដែលតំណាងឲ្យសំឡេងពីរភាគបីនៅរដ្ឋសភា។ ក្រុម ហេសបូឡាហ៍លីបង់ សម្ពន្ធមិត្តរបស់អុីរ៉ង់ បានចូលរួមយ៉ាងសកម្ម នៅក្នុងការបោះឆ្នោតចំណែកនាយករដ្ឋមន្រ្តី លីបង់ លោកសាអាដ ហារីរី ដែលគាំទ្រដោយ អារ៉ាប៊ីសាអូ៊ឌីត ជាសត្រូវរបស់អុីរ៉ង់ ក៏ខំ ប្រឹងប្រជែងណាស់ដែរ ដើម្បីឈ្នះបាន សំឡេងភាគច្រើននៅសភា។

ទាំងទីតាំងភូមិសាស្រ្ត និងជីវិតនយោ បាយរបស់លីបង់ ស្ថិតនៅក្នុងជម្លោះ ប្រទាញប្រទង់ ឥទ្ធិពលគ្នារវាងប្រទេស ធំពីរ គឺ អុីរ៉ង់ និងអារ៉ាប៊ីសាអូ៊ឌីត។

ប្រជាជនលីបង់ ជិត៤លាននាក់បាន ទៅបោះឆ្នោត ផ្លាស់ប្តូរមុខមាត់សមាជិក សភា ដែលកាន់អាសនៈ បីអាណត្តិជាប់គ្នា ដោយគ្មានឆ្លងកាត់ការបោះឆ្នោត។ ចាប់ តាំងពីឆ្នាំ២០០៩មក រដ្ឋសភាលីបង់បាន បន្តអាណត្តិរបស់ខ្លួនដល់ទៅ៣ដងជាប់ៗគ្នា ដោយគ្មានសុំយោបល់ពីប្រជាជន ដែលជាម្ចាស់សន្លឹកឆ្នោតឡើយ។ ដើម ហេតុដំបូង គឺកើតចេញមកពីវិបត្តិរដ្ឋធម្ម នុញ្ញដែលបានធ្វើឲ្យជីវិតនយោបាយរបស់លីបង់ ត្រូវ ជាប់គាំង អស់ជាងពីរឆ្នាំ នៅឆ្នាំ ២០១៤។ សភាលីបង់ដែលបានសម្រេចបន្តអាណត្តិរបស់ខ្លួន ក៏ព្រោះតែចង់ រក្សាស្ថិរភាព និងជៀសវាងកុំឲ្យប្រទេស ធ្លាក់ចូលជ្រៅទៅក្នុងវិបត្តិនយោបាយ។ មួយវិញទៀត ការសម្រេចរបស់សភា លីបង់ នៅពេលនោះ ធ្វើឡើងនៅក្រោយពេលដែលវិបត្តិនយោបាយនៅស៊ីរី បាន រុញច្រានប្រទេសជិតខាងរបស់លីបង់ ឲ្យធ្លាក់ទៅក្នុងសង្រ្គាមស៊ីវិល ដ៏រ៉ាំរ៉ៃរហូត ដល់សព្វថ្ងៃ។

លើកនេះ លីបង់ដែលសម្រេចរៀបចំ ការបោះឆ្នោត ក៏ដោយសារហេតុផល សំខាន់ពីរ។ ទី១ គឺ លីបង់ទើបដោះស្រាយបានវិបត្តិរដ្ឋធម្មនុញ្ញ តាមរយៈការធ្វើ វិសោធនកម្មច្បាប់បោះឆ្នោត។ ច្បាប់បោះ ឆ្នោតថ្មី បានសម្រេចកាត់បន្ថយចំនួនអ្នក តំណាងរាស្រ្ត និងអនុញ្ញាតឲ្យអ្នកតំណាងសង្គមស៊ីវិល អាចចូលរួមប្រកួតប្រជែងជាមួយគណបក្សនយោបាយ នៅក្នុងការបោះ ឆ្នោត។ ហេតុផលទី២ ដែលធ្វើឲ្យលីបង់ត្រូវតែរៀបចំការបោះឆ្នោតលើកនេះ គឺ ការដាក់សម្ពាធ ហើយនិងការសន្យា ផ្តល់ជំនួយ ប្រាក់កម្ចីពីសហគមន៍អន្តរ ជាតិ។ នៅដើមខែមេសា នៅក្នុងសន្និសីទទីក្រុងប៉ារីសប្រទេសផ្តល់ជំនួយបានដាក់លក្ខខណ្ឌទាមទារឲ្យលីបង់ធ្វើកំណែទម្រង់ ក្នុងប្រទេស ជាថ្នូរនឹងការវិនិយោគ និង ប្រាក់ជំនួយប្រមាណ ១១ពាន់លានដុល្លារ។

លីបង់ត្រូវការចាំបាច់ ជំនួយហិរញ្ញវត្ថុពី បរទេស ដើម្បី ស្រោចស្រង់សេដ្ឋកិច្ចជាតិ និងដោះស្រាយវិបត្តិជនភៀសខ្លួនស៊ីរី ដែលមានជាង១លាននាក់ នៅក្នុងទឹក ដីលីបង់។ គេវាយតម្លៃថា ក្រៅតែពីបញ្ហា ជនភៀសខ្លួន ស៊ីរី អស្ថិរភាពនយោបាយ និងអំពើពុករលួយ ជាហេតុផលសំខាន់ ដែលលីបង់ដែលត្រូវគេចាត់ទុកជា ប្រទេសស្វ៊ីសនៅតំបន់ដើមបូព៌ា ដោយ សារតែវត្តមានធនាគារ និងក្រុមហ៊ុនហិរញ្ញ វត្ថុ នោះ ត្រូវធ្លាក់ខ្លួន ក្លាយជាប្រទេសមានបំណុលជាតិច្រើនជាងគេ ទី៣ ក្នុងលោក។

ប្រធានាធិបតីលីបង់ លោកMichel Aoun បាននិយាយទុកជាមុនរួចហើយថា ការបោះឆ្នោតសភាលើកនេះនឹងមិនទៅ ផ្លាស់ប្តូររបបនយោបាយ នៅលីបង់នោះ ទេ។ នៅលីបង់ ប្រព័ន្ធបែងចែកអំណាច មានលក្ខណៈពិសេសខុសប្លែកពី ប្រទេស ដទៃ។ ទោះជាលីបង់រៀបចំការបោះឆ្នោត ដែលមានការចូលរួមពី ប្រជាជនក្តី ប៉ុន្តែ ការបែងចែក អំណាចរវាងគណបក្ស សំខាន់ៗ នៅលីបង់ ត្រូវបានគេគិតគូរ ទុករួចជាស្រេចទៅហើយ ពោលធ្វើយ៉ាង ម៉េច ឲ្យមានការចូលរួមស្មើភាពគ្នា ពី គ្រប់និន្នាការសាសនា នៅលីបង់។

ជាក់ស្តែង តំណែងប្រធានរបស់សភា លីបង់ ដែលត្រូវបែងចែកទៅឲ្យគណបក្សដែលតំណាងឲ្យអ្នកកាន់សាសនាអ៊ិស្លាមនិកាយសុីអុីត។ ចំណែកសភា ដែលជា អ្នកមានសិទ្ធិជ្រើសរើស ប្រធានាធិបតី លីបង់ បានជ្រើសរើស លោកMichel Aoun ដែលកាន់គ្រិស្តសាសនា។ បន្ទាប់ មកលោកប្រធានាធិបតី បានចរចា ជា មួយ គណបក្សដែលមានសំឡេងភាគច្រើននៅរដ្ឋសភា ដើម្បីជ្រើសតាំង នាយក រដ្ឋមន្រ្តី ដែលដាច់ខាតត្រូវតំណាងឲ្យប្រជាជនអ៊ិស្លាម និកាយ សាន់នីត។ ប្រព័ន្ធបែង ចែកអំណាចរវាងគ្នា នឹងអនុញ្ញាតឲ្យលោកនាយករដ្ឋមន្រ្តីបច្ចុប្បន្ន គឺលោកសាអាដ ហារីរី នៅបន្តធ្វើជានាយករដ្ឋមន្រ្តីរបស់លីបង់មួយអាណត្តិទៀត។ លោកនាយក រដ្ឋមន្រ្តីហារីរី តំណាងនិកាយសាន់នីត គាំទ្រដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នាយក រដ្ឋមន្រ្តីហារីរីមានគូប្រជែង ធំ គឺក្រុម ហេសប៊ូឡាហ៍ និកាយស៊ីអីុត ដែលជា សម្ពន្ធមិត្តរបស់អុីរ៉ង់ ដែលជាសត្រូវរបស់អារ៉ាប៊ីសាអ៊ូឌីត។ ការប្រឈមមុខដាក់គ្នា រវាងភាគីទាំងពីរសឹងតែធ្វើឲ្យលីបង់ វិះតែនឹងធ្លាក់ខ្លួនទៅក្នុងសង្រ្គាមប្រដាប់អាវុធ ម្តងៗរួចទៅហើយ។

ប៉ុន្តែដោយសារតែការបែងចែកអំណាចរវាងគណបក្ស មកពីគ្រប់និកាយសាសនា មិនថា អ៊ិស្លាម ឬគ្រិស្តសាសនា អ្នកនយោ បាយលីបង់នៅទីបំផុត បានព្រមព្រៀង ចរចាគ្នា ដោយសន្តិវិធី រហូតមក ដើម្បី បញ្ជៀសប្រទេសកុំឲ្យធ្លាក់ចូលទៅក្នុង ជម្លោះនយោបាយ រហូតដល់អាចផ្ទុះ សង្រ្គាមរវាងគ្នា ដូចនៅប្រទេសដើម បូព៌ាដទៃទៀត ជាពិសេស គឺប្រទេស ជិតខាងស៊ីរីតែម្តង។ មុខមាត់ថ្នាក់ដឹកនាំលីបង់នឹងអាចនៅដដែល ប៉ុន្តែត្រូវ ប្រឈមដោះស្រាយបញ្ហាជាច្រើន ដែលលីបង់កំពុងជួបប្រទះ មិនថា ផ្នែក សេដ្ឋកិច្ច បញ្ហាជនភៀសខ្លួនស៊ីរី ឬបញ្ហា ពុករលួយ ដែលជាដើមហេតុធ្វើឲ្យក្រុម ហ៊ុនបរទេសបាត់បង់ជំនឿលើរដ្ឋាភិបាលលីបង់ រហូតមកនោះ។

ការបោះឆ្នោតសភាលើកនេះ ជា ឱកាសដែលក្រុមហេសប៊ូឡាហ៍ អាច បង្កើនសំឡេងរបស់ខ្លួន នៅក្នុង រដ្ឋសភា។ បើសិនក្រុមនេះ ដែលបានទទួលការគាំ ទ្ររួចហើយ ពីគណបក្សរបស់ប្រធានា ធិបតី លោកMichel Aoun បានទទួល សំឡេងច្រើនមុន នៅរដ្ឋសភា នោះក្រុម ហេសប៊ូឡាហ៍ ដែលជាក្រុមតែមួយ មិន ព្រមដាក់អាវុធចុះនៅក្រោយសង្រ្គាម ស៊ីវិលនៅលីបង់ នឹងអាចមានទឹកមាត់ ប្រៃជាងមុន និងអាចជំរុញឲ្យលីបង់ ប្រកាន់ជំហរកាន់តែច្បាស់ជាងមុន មិនថា ជាមួយសម្ពន្ធមិត្តអុីរ៉ង់ ឬ អុីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត ដែលជាសត្រូវរបស់ ខ្លួននោះទេ។

ក្រុមហេសប៊ូឡាហ៍ត្រូវអាមេរិកចាត់ ទុកជាក្រុមភេរវនិយម និងជាផ្ទាំងស៊ីបវាយប្រហាររបស់អុីស្រាអែល ឬអារ៉ាប៊ីសាអ៊ូឌីត ព្រោះក្រុមហេប៊ូឡាហ៍ បានរួមដៃជាមួយ កងទ័ពអុីរ៉ង់ដែលអុីស្រាអែល និងអារ៉ាប៊ី សាអ៊ូឌីតចោទប្រកាន់ថា កំពុងពង្រីក ពង្រាយយោធា នៅក្នុងប្រទេសស៊ីរី យេ មែន និងលីបង់៕ ម៉ែវ សាធី


ចែករំលែក៖