ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសប៉ារ៉ាហ្គាយដើរតាមកន្លងអាមេរិកប្តូរស្ថានទូតទៅកាន់ហ្ស៊េរុយសាឡឹម

ចែករំលែក៖

ក្រសួងការបរទេសប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៧ ខែឧសភា បានប្រកាសថា ប្រទេសនេះនឹងប្តូរទីតាំងស្ថានទូត ប្រចាំនៅអុីស្រាអែល ទៅកាន់ហ្ស៊េរុយសាឡឹមនៅចុងខែឧសភានេះ។

ប៉ារ៉ាហ្គាយគឺជាប្រទេសមួយទៀត កំពុងតែតាមអាមេរិកប្តូរទីតាំងស្ថានទូតទៅកាន់ហ្ស៊េរុយសាឡឹម។ កន្លងមក ប្រទេស Guatemala បានប្តូរស្ថានទូតពីទីក្រុង តែលអាវីវរបស់អុីស្រាអែលទៅកាន់ទីក្រុងហ្ស៊េរុយសាឡឹម ដែលកំពុងតែមានវិវាទជាមួយប៉ាឡេស្ទីន។

នេះជាសកម្មភាពថ្មីដូចជា«ចាក់សាំងចូលភ្លើងបន្ថែម» ក្នុងពេលដែលមានការប្រឈមមុខតានតឹង រវាងអុីស្រាអែល នឹងប៉ាឡេស្ទីន។ រដ្ឋាភិបាលប៉ាឡេស្ទីនបានចាត់ទុកថា ហ្ស៊េរុយសាឡឹម គឺជារដ្ឋធានីរបស់ខ្លួនមិនអាចកាត់ផ្តាច់បាន។

អ្នកនាំពាក្យក្រសួងការបរទេសអុីស្រាអែល លោក Emmanuel Nahshon បានប្រកាសថា ប្រធានាធិបតីប៉ារ៉ាហ្គាយ លោក Horacio Cartes បានគ្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសអុីស្រាអែលនៅចុងខែឧសភានេះដើម្បីសម្ពោធស្ថានទូតថ្មីនៅហ្ស៊េរុយសាឡឹម ។

សារព័ត៌មានញូវយ៉កថាមស៍ បានផ្សាយថា តាមសម្តីអ្នកនាំពាក្យរដ្ឋាភិបាលប៉ារ៉ាហ្គាយ ប្រធានាធិបតីប្រទេសនេះ នឹងបំពេញទស្សនកិច្ចទៅកាន់អុីស្រាអែល នៅថ្ងៃទី២១ ឬ២២ខែឧសភា។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាមូដ អាបាស បានប្រកាសថា លោកសង្ឃឹមថា នឹងមិនមានប្រទេសផ្សេងទៀត ដើរតាមអាមេរិក ប៉ារ៉ាហ្គាយ និងហ្គេតេម៉ាឡាប្តូរស្ថានទូតទៅកាន់ហ្ស៊េរុយសាឡឹមនោះឡើយ។

លោក ម៉ាមូដ អាបាស បានបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា ប្រទេសផ្សេងទៀត នៅអឺរ៉ុប និងអាមេរិក នឹងមិនប្តូរស្ថានទូតរបស់ពួកគេទៅកាន់ហ្ស៊េរុយសាឡឹម ដែលវាជាសកម្មភាពផ្ទុយនឹងច្បាប់អន្តរជាតិ»៕ ម៉ែវ សាធី


ចែករំលែក៖