សេតវិមានបានប្រកាសឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ចិនលោក លីវ ហេ (Liu He) នឹងបំពេញទស្សនកិច្ចទៅកាន់អាមេរិក ដើម្បីពិភាក្សាជាមួយក្រុមជំនាញសេដ្ឋកិច្ចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅសប្តាហ៍ក្រោយ។
សារព័ត៌មាន South China Morning Post បានផ្សាយថា អគ្គលេខាព័ត៌មាន សេតវិមាន Sarah Huckabee កាលពីថ្ងៃទី៧ ខែឧសភា បានប្រកាសថា ឧបនាយករដ្ឋមន្ត្រីចិន នឹងបំពេញទស្សនកិច្ចទៅកាន់អាមេរិក ដើម្បីពិភាក្សាជាមួយក្រុមជំនាញសេដ្ឋកិច្ចចិន។
ឧបនាយករដ្ឋមន្ត្រី ចិន លោក លីវ ហេ នឹងដឹកនាំគណៈប្រតិភូពិភាក្សាជាមួយអាមេរិក នៅក្នុងជំនួបពិភាក្សានៅទីក្រុងប៉េកាំងកាលពីសប្តាហ៍កន្លងមក។
កាលពីថ្ងៃទី៥ ខែឧសភា គណៈប្រតិភូអាមេរិក ដឹកនាំដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ Steven Mnuchin និងរដ្ឋមន្ត្រីពាណិជ្ជកម្ម Wilbur Ross បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ នៅចិនដោយមិនទទួលបានការព្រមព្រៀងអ្វីនោះឡើយ ពាក់ព័ន្ធនឹងស្ថានភាពដំឡើងពន្ធនាំចូលដែលមានតម្លៃរាប់សិបពាន់លានដុល្លារអាមេរិក។
រដ្ឋបាលអាមេរិកនឹងដំឡើងពន្ធលើទំនិញចិននាំចូលអាមេរិកក្នុងទឹកប្រាក់សរុប ៥០.០០០លានដុល្លារចាប់ពីខែមិថុនាខាងមុខទៅ។ តែមកទល់ពេលនេះ រដ្ឋបាលអាមេរិកនៅមិនទាន់បានបញ្ជាក់ជាផ្លូវការពីថ្ងៃពិតប្រាកដ និងពីឈ្មោះទំនិញដែលត្រូវដំឡើងពន្ធទេ។ ក្រៅពីរឿងពន្ធដារ លោក ត្រាំ ក៏បានលើកឡើងពីឱនភាពថវិកាដែលអាមេរិកមានជាមួយចិនយ៉ាងច្រើនសម្បើម ដោយទាមទារឲ្យកាត់បន្ថយចំនួន ១០០.០០០លានដុល្លារក្នុងមួយឆ្នាំ។
យ៉ាងណាក៏ដោយ គេនៅមិនមានលទ្ធផលផ្លូវការនៃកិច្ចចរចាពាណិជ្ជកម្មរយៈពេល២ថ្ងៃ រវាងអាមេរិក នឹងចិនទេ។ អ្វីដែលគេដឹង ភាគីទាំងពីរសុទ្ធតែបានអះអាងរៀងៗខ្លួនថា កិច្ចចរចាបានប្រព្រឹត្តដោយវិជ្ជមានប្រសិទ្ធភាព និងបង្កប់ដោយក្តីស្ថាបនា៕ ម៉ែវ សាធី