ខេត្តកំពង់ធំ ៖បុរសម្នាក់បើក ម៉ូតូមួយគ្រឿងទៅបុកគូទរថយន្តបណ្តាលឱ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៤និង៤៥នាទីរសៀលថ្ងៃ ព្រហស្បតិ៍ ១១ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៤២-១៤៣ ក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
តាមប្រភពពីនគរបាលចរាចរស្រុកសន្ទុកបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ឈ្មោះ ហួត រស់ អាយុ២៤ឆ្នាំ រស់នៅភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ បានបើកម៉ូតូមួយគ្រឿងម៉ាកហុងដាវេវ ពណ៌ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ ១AI-៥៧០៤ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងល្បឿនលឿនរួចបានបុកគូទរថយន្តធូនធំដឹកទំនិញដែលឈប់ចតនៅលើចិញ្ចើមផ្លូវក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង បណ្ដាលឲ្យបុរសម្នាក់នេះដែលមិនបានពាក់មួកសុវត្ថិភាព បានស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។ ចំណែករថយន្តដែលឈប់ចតនៅលើទ្រូងផ្លូវម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ៣A-០៤០៩ បើកបរដោយឈ្មោះ ឆុង សុគន្ធា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិកំពង់រការ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគបាលស្រុកសន្ទុក។ រីឯរថយន្ត និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីដោះស្រាយតាមច្បាប់ ៕ សហការី