ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Air France ខាតបង់៥០០លានដុល្លារដោយការធ្វើកូដកម្ម

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍ Air France បានខាតបង់ប្រាក់ប្រមាណជាង ៤០០ លានអឺរ៉ូ ជិត៥០០លានដុល្លារអាមេរិក គឺច្រើនជាងអ្វីដែលក្រុមហ៊ុនបានប៉ានស្មានថាមានចំនួន ៣០០លានអឺរ៉ូ ដោសារតែការ ធ្វើកូដកម្ម របស់បុគ្គលិក។

ភាគហ៊ុនរបស់ក្រុមហ៊ុននេះក៏បានធ្លាក់ចុះយ៉ាងទាប ចំណែកប្រធាន CEO លោក Jean Marc Janaillac បានប្រកាសថា នឹងលាលែងចេញពីតំណែង ក្នុងពេល ដែលបុគ្គលិកកាន់តែធ្វើបាតុកម្មខ្លាំងឡើង ពាក់ព័ន្ធនឹងប្រាក់ចំណូល ក៏ដូចជាការមិនលូកដៃរបស់រដ្ឋាភិបាលបារាំង បើទោះបី រដ្ឋាភិបាលមានភាគហ៊ុននៅក្នុងក្រុមហ៊ុននេះដល់ទៅ១៤,៣ភាគរយក៏ដោយ។ គិតចាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ តម្លៃ ភាគហ៊ុនរបស់ក្រុមហ៊ុន Air France KLM បានធ្លាក់ចុះរហូតដល់ទៅ៥០ភាគរយ។

បុគ្គលិក ក្រុមហ៊ុនអាកាសចរណ៍បារាំងធ្វើកូដកម្មដើម្បីប្រឆាំងនឹងនយោបាយ ប្រាក់ខែ ។ កន្លងមក ក្រុមហ៊ុន អ៊ែរហ្វ្រង់ បានប្រកាសដំឡើងប្រាក់ខែ ២ភាគរយ នៅក្នុងឆ្នាំ២០១៨ និង កើនឡើងបន្ថែម ៥ភាគរយនៅ៣ឆ្នាំខាងមុខជាបន្តទៀត។ ប៉ុន្តែបុគ្គលិកក្រុមហ៊ុនបានស្នើឲ្យដំឡើងប្រាក់ខែ ៥,១ភាគរយនៅក្នុងឆ្នាំនេះតែម្តង ។

ក្រោយពេលកិច្ចពិភាក្សាជាប់គាំង រវាងក្រុមហ៊ុននឹងតំណាងបុគ្គលិក ប្រធាន CEO លោក Jean Marc Janaillac បាន ប្រកាសថានឹងលាលែងពីតំណែងនៅពាក់កណ្តាលខែឧសភានេះ។ លោក Bruno Le Mainre រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង បាននិយាយទៅកាន់សារព័ត៌មាន CNN ថា« វិវាទរវាងបុគ្គលិកនឹងក្រុមហ៊ុន បាន​គំរាមកំហែងដល់ ភាពស្ថិតស្ថេររបស់ក្រុម ហ៊ុន »។ រដ្ឋាភិបាលបារាំង នឹងមិនចូលរួម ឬចេញនូវកញ្ចប់ថវិកាជួយដល់ក្រុមហ៊ុនឡើយ ៕ ម៉ែវ សាធី

 


ចែករំលែក៖