ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីបានជាគីម ជុងអ៊ុន ធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន២លើកក្នុងរយៈពេលខ្លី

ចែករំលែក៖

ដំណើរទស្សនកិច្ចពីរលើកក្នុងរយៈ ពេលខ្លីទៅកាន់ប្រទេសចិនរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន គឺជាសញ្ញាមួយ បង្ហាញឲ្យឃើញថា ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនឹងកូរ៉េខាងជើង មានភាពស្និទ្ធ ស្នាលកាន់តែខ្លាំង ក្នុងពេលដែលកូរ៉េខាងជើងជិតឈានដល់កិច្ចពិភាក្សាស្តីពីបរមាណូជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

ដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់មេដឹកនាំកូរ៉េខាងជើង ទៅកាន់ប្រទេសចិន ជាបន្តបន្ទាប់ ក្រោយពេលលោកគីម ជុងអ៊ុន បានទទួលស្គាល់ ចិនជា«បងធំ» របស់ខ្លួន ក្នុងការការពារសន្តិសុខ ដល់កូរ៉េ ខាងជើង មុនពេលប្រទេសនេះព្រមបោះ បង់កម្មវិធីអាវុធបរមាណូ។

ដំណើរទស្សនកិច្ចលើកទីពីររបស់លោកគីមជុងអ៊ុន ធ្វើឡើងនៅថ្ងៃទី ៧ខែឧសភា ។ ប្រធានាធិបតីចិនលោកស៊ី ជីនពីង បាន ទទួលស្វាគមន៍ លោកគីម ជុងអ៊ុន នៅទី ក្រុង ដាលៀន (Dalian) ក្នុងដំណើរទស្សន កិច្ចលើកទីពីរ ក្នុងរយៈពេល ជាង១ខែ នេះ។ ក្នុងរយៈពេលខ្លីមានដំណើរទស្សនកិច្ចពីរលើកគឺជារឿង មិនដែលកើតមាន ឡើងពីមុនមកទេ។ ប៉ុន្តែដោយសារតែកូរ៉េ ខាងជើង ត្រៀមជួបជាមួយអាមេរិក ទើប មានដំណើរទស្សនកិច្ច លើកទីពីរ។

កាលពីដំណើរទស្សនកិច្ចលើកទីមួយ កើតឡើងមុនពេលជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងត្បូង មូន ជេអីុន ហើយពេល នេះក៏ដូចគ្នា មុនពេលជួបជាមួយលោកត្រាំ លោកគីម ជុងអ៊ុន ចាំបាច់ត្រូវតែ សួរនាំ យោបល់(បងធំ)ជាមុនសិន មុនពេល សម្រេចកិច្ចការជាមួយអាមេរិក។

ក្រុមអ្នកវិភាគបានលើកឡើងថា កូរ៉េ ខាងជើងបានទទួលផលអវិជ្ជមាន ពីឥទ្ធិ ពលនៃការដាក់ទណ្ឌកម្ម ធ្វើឲ្យប្រភពចំណូលនៃរូបិយវត្ថុអន្តរជាតិរងផលប៉ះពាល់ ធ្លាក់ ចុះ និង ប៉ះពាល់ដល់ប្រភពផ្គត់ផ្គង់ថាមពល ដល់ទីក្រុងព្យុងយ៉ាង ដែលចិនកំពុងតែអនុវត្តទៅតាមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

តាមការលើកឡើងរបស់លោក Zhu Feng សាស្ត្រាចារ្យ មកពីមហាវិទ្យាល័យ ទំនាក់ទំនងអន្តរជាតិ ចិន បានឲ្យដឹងថា នៅពេលនេះផលប្រយោជន៍របស់ចិន និងកូរ៉េខាងជើងកំពុងតែ ប្រសើរឡើង ។ ប្រធានាធិបតីចិនកំពុងប្រើប្រាស់ទំនាក់ ទំនងល្អប្រសើរជាមួយ លោកគីមជុងអ៊ុន ដូចជាលក្ខខណ្ឌដើម្បីពិភាក្សាលើបញ្ហា ពាណិជ្ជកម្មជាមួយអាមេរិក។

លោកZhu Feng បន្តទៀតថា «ចិន កំពុងតែបង្កើនឥទ្ធិពល ហើយប្រសិន បើអាមេរិកនៅតែបន្ត សកម្មភាពប្រឆាំង ចិននោះ ទីក្រុងប៉េកាំងនឹងធ្វើការកែទម្រង់គោលនយោបាយរបស់ខ្លួនជះឥទ្ធិលទៅលើកូរ៉េខាងជើង ដើម្បីឲ្យទីក្រុងព្យុងយ៉ាងដាក់សម្ពាធទៅលើអាមេរិក »។

អ្នកឯកទេសវិភាគផ្សេងទៀតបាន បញ្ជាក់ថា ចិនកំពុងតែបង្ហាញពីតួនាទី របស់ខ្លួន ដែលមិនអាចខ្វះបាន ក្នុងដំណើរស្វែងរកសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ ។ ជាមួយគ្នានេះ ទីក្រុងព្យុងយ៉ាង ចង់ឲ្យទី ក្រុងប៉េកាំង ដើរតួនាទីសំខាន់ជាងនេះនៅក្នុងកម្មវិធីបរមាណូ របស់កូរ៉េខាងជើង នៅមុនជំនួបពិភាក្សាជាមួយអាមេរិក ហើយក៏ចង់បង្ហាញឲ្យទីក្រុងវ៉ាស៊ីនតោនដឹងថា ជានិច្ចកាល ចិនគឺតែងតែនៅពីក្រោយ ការពារកូរ៉េខាងជើង។

នៅក្នុងដំណើរទស្សនកិច្ចលើកទីពីរ ទៅកាន់ប្រទេសចិន របស់មេដឹកនាំកូរ៉េ ខាងជើង គឺដើម្បីពិភាក្សា សុំយោបល់ ពីបងធំចិន លើរបៀបវីរៈនៃកិច្ចពិភាក្សាជាមួយអាមេរិក ធ្វើយ៉ាងណា ដើម្បីទទួល បានផលប្រយោជន៍រួមទាំងអស់គ្នា ចិន និងកូរ៉េខាងជើង។

ព័ត៌មាន និងរូបភាពស្តីពីដំណើរទស្សនកិច្ចលើកទី២ របស់លោកគីម ជុងអ៊ុនក្នុងប្រទេសចិនត្រូវបានចាក់បញ្ចាំងដោយ ទូរទស្សន៍រដ្ឋចិនឈ្មោះ CCTV។ CCTV បានបង្ហាញឲ្យឃើញនូវរូបលោកគីម ជុងអ៊ុន និងរូបលោកស៊ី ជីនពីងដែលកំពុងដើរទន្ទឹមគ្នានៅក្នុងឧទ្យានមួយក្បែរមាត់សមុទ្រ និងបានអង្គុយជជែកគ្នាជុំវិញតុមួយ។

« ក្រោយពីជំនួបលើកទី១ ជាមួយសម មិត្តលោកគីម ជុងអ៊ុន ទំនាក់ទំនងរវាងចិន នឹងសាធារណរដ្ឋប្រជាមានិតប្រជាធិប តេយ្យកូរ៉េខាងជើងបានស្គាល់ភាពវិជ្ជមាន រួមទាំងស្ថានភាពនៅឧបទ្វីបកូរ៉េ។ «ខ្ញុំ សប្បាយចិត្តខ្លាំងណាស់ » នេះជាឃ្លា សាទររបស់លោកស៊ី ជីនពីងដែលដក ស្រង់ដោយកាសែត ស៊ីនហួ។ កាសែតចិននេះដដែលក៏បានស្រង់ចម្លើយរបស់លោកគីម ជុងអ៊ុនចំពោះលោកស៊ី ជីនពីងវិញ យ៉ាងដូច្នេះថា « មានលទ្ធផលវិជ្ជមានជាច្រើននៅក្នុងជំនួបជាប្រវត្តិសាស្រ្តរវាងខ្ញុំ នឹងសមមិត្តអគ្គលេខាធិការស៊ី ជីនពីង »។

ក៏ដូចជានៅក្នុងដំណើរទស្សនកិច្ចលើកទី១ របស់លោកគីម ជុងអ៊ុនក្នុងប្រទេសចិននាដំណាច់ខែមីនាដែរ មធ្យោបាយឃោសនាមហាជនចិនត្រូវរង់ចំាការវិលត្រឡប់របស់លោកគីមចូលស្រុកវិញសិនទើប ផ្សព្វផ្សាយព័ត៌មានជាផ្លូវការ។ ពេញមួយ ថ្ងៃអង្គារ ទី៨ ឧសភា សារព័ត៌មានជប៉ុន និងកូរ៉េខាងត្បូងបានត្រឹមទម្លាយព័ត៌មានថា ទីក្រុងដាលៀនបានរៀបចំទទួលថ្នាក់ ដឹកនាំជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ ដោយ មិនអាចបញ្ជាក់ថាជាមនុស្សខ្លាំងកូរ៉េខាងជើងទេ។ ចំណែកក្រសួងការបរទេសចិនក៏ហាក់មិនចង់បញ្ជាក់ ឬក៏ទាត់ចោលលើ ព័ត៌មានមួយនេះដែរ។

យ៉ាងណាក៏ដោយ ទស្សនកិច្ចលើកទី២ ក្នុងរយៈពេលតែ ១ខែកន្លះរបស់លោកគីម ជុងអ៊ុនក្នុងទឹកដីចិនពេលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរវាងចិន នឹងកូរ៉េខាងជើងដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងគ្នា។ ភាពស្និទ្ធស្នាលដែលបានធ្លាក់ចុះដោយសារតែក្រុងប៉េកាំងបានគាំទ្រទណ្ឌកម្មអន្តរជាតិដាក់លើក្រុងព្យុងយ៉ាងក្នុងសំណុំរឿងនុយក្លេអ៊ែរ។ ទន្ទឹមគ្នានេះចិនក៏មិនចង់ ស្ថិតនៅក្រៅសង្វៀននៃភាពល្អូកល្អិនរវាងកូរ៉េខាងជើងជាមួយប្រទេសផ្សេង ពិសេសគម្រោងជំនួបជាប្រវត្តិសាស្រ្តរបស់លោកគីម ជុងអ៊ុន ជាមួយលោកប្រធានាធិបតី អាមេរិកដូណាល់ ត្រាំនាពេលខាងមុខនេះ ដែរ៕ ម៉ែវ សាធី


ចែករំលែក៖