ភ្នំពេញ៖ តារាសិចស៊ី ដេនី ក្វាន់ អាចនឹងបញ្ចប់ការដាក់ពិន័យហាមប្រឡូកសិល្បៈពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបន្ទាប់ពីក្រសួងបានប្រជុំស្នើសម្រេចបញ្ឈប់ការដាក់ពិន័យនេះ ។ ការប្រជុំនេះគឺក្រោយពីនាងរងការពិន័យផ្អាកគ្រង់ទម្រង់សកម្មភាពអស់រយៈពេលជាងមួយឆ្នាំហើយ ។
គណនីយហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំនៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ក្រុមប្រឹក្សាពិន័យ និងលើកសរសើរបានបើកកិច្ចប្រជុំមួយក្រោវត្តមានលោកចំរើនវ៉ាន់ថាអនុប្រធានលេខាធិការដ្ឋានតំណាងលោកស្រីភឿងសកុណារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានក្រុមប្រឹក្សាពិន័យ និងលើកសរសើរដើម្បីពិនិត្យសម្រេចលើកលែងការដាក់ពិន័យចំពោះតារាសម្តែងកញ្ញាដេនីក្វាន់ និងដើម្បីពិនិត្យសម្រេចលើកសរសើរដល់សិល្បករសិល្បការិនីដែលតែងប្រកាន់ឥរិយាបទស្របតាមក្រមសីលធម៌នៃអ្នកសិល្ប: និងមានស្នាដៃឆ្នើមលើវិស័យសិល្ប: ។
កិច្ចប្រជុំនេះត្រូវបានគេដឹងថាអាចនឹងបើកផ្លូវឲ្យតារាស្រីដេនីក្វាន់វិលរកការសម្តែង និងសកម្មភាពសិល្បៈនានាឡើងវិញបាន ។ គ្រាកន្លងមកក្រុមប្រឹក្សាបានវាយតម្លៃជារួមមួយសម្រេចថាបញ្ឈប់រាល់សកម្មភាពសិល្បៈគ្រប់ទម្រង់ទាំងអស់របស់ដេនីក្វាន់រយៈពេល១២ខែ ។ បន្ទាប់ពីផ្អាកការងារសិល្បៈពេញមួយឆ្នាំដេនីក្វាន់នៅតែបន្តសកម្មភាពមនុស្សធម៌ជាហូរហែរដែលទទួលបានការកោតសរសើរច្រើនពីមហាជន ។ នាងក៏បានពង្រីកមុខជំនួញថ្មីដែលចាយលុយខ្ទង់សែនដុល្លារអាមេរិកផងដែរ ។
ដេនីក្វាន់បានសម្តែងអារម្មណ៍ភ្ញាក់ផ្អើលក្រោយពីនាងទទួលដំណឹងថាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបើកកិច្ចប្រជុំដើម្បីពិនិត្យសម្រេចលើកលែងការដាក់ពិន័យចំពោះនាង ។ នាងថាជាដំណឹងមួយដ៏រីករាយប្រសិនបើក្រសួងសម្រេចលើកលែងការដាក់ពិន័យចំពោះនាងមែននោះ ។ នាងថានឹងវិលរកការសម្តែង និងសកម្មភាពសិល្បៈជាថ្មីប្រសិនបើនាងមានឱកាស ។
នាងថាបច្ចុប្បន្ននាងមានការរវល់ច្រើននឹងការងារមុខជំនួញទើបនាងនៅមិនទាន់ប្រាកដនៅឡើយទេថា និងមានពេលវេលាគ្រប់គ្រាន់កម្រិតណាក្នុងការទទួលការងារសម្តែងនោះ ។ នាងបញ្ជាក់ដែរថាក្រោយវិលរកសិល្បៈជាថ្មីនាងនឹងព្យាយាមកាត់បន្ថយរូបភាពសិចស៊ីខ្លះៗ ប៉ុន្តែនាងមិនអាចស្លៀកពាក់បិទបាំងជុំជិតនោះពេកទេ ហើយនាងរំពឹងថាដំណឹងល្អនេះនឹងសម្រេចបានក្នុងពេលឆាប់ៗខាងមុខនេះ៕ វឌ្ឍនា