ឥណ្ឌូនេស៊ីបានរងនូវការវាយប្រហារគ្រាប់បែកទាំងព្រឹកព្រលឹមតែម្តងរហូតដល់៣ទីតាំងក្នុងថ្ងៃតែមួយ ទៅលើព្រះវិហារចំនួន៣ ស្ថិតនៅក្នុងទីក្រុង Surabaya បណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច៦នាក់ និងរងរបួស៣៥នាក់ផ្សេងទៀត ។
ប៉ូលិសបានថ្លែងថា យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់ និង៣៥ នាក់បានរងរបួស ដោយអំពើបំផ្ទុះគ្រាប់បែកអត្តឃាតខាងក្រៅព្រះវិហារ ក្នុងទីក្រុង Surabaya ប្រទេសឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១៨ ។
លោក Frans Barung Mangera អ្នកនាំពាក្យប៉ូលិសកោះជ្វាខាងកើត(East Java) បានថ្លែងថា: «មានការវាយប្រហារបីលើក នៅព្រះវិហារចំនួនបីផ្សេងគ្នា ។ “ជនរងគ្រោះកំពុងត្រូវបានកំណត់អត្តសញ្ញាណ” ។
ប៉ូលិសថា ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងចន្លោះម៉ោងគ្នារយៈពេលតែ១០នាទីប៉ុណ្ណោះ ដែលការបំផ្ទុះលើកទី១កើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក។ ប៉ូលីសបានផ្ដល់ព័ត៌មានតែមួយព្រះវិហារប៉ុណ្ណោះ គឺវិហារកាតូលិក Santa Maria រីឯព្រះវិហារដែលរងការវាយប្រហារដទៃទៀត មិនបានបញ្ជាក់ប្រាប់នោះទេ។
លោក Mangera បានថ្លែងថា “យើងសូមបញ្ជាក់ថា មនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុ, ម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ, មន្ត្រីប៉ូលីសពីរនាក់រងរបួស ហើយជនស៊ីវិលមួយចំនួនទៀតបានរងរបួស ” ។ សរុបមនុស្ស 13 នាក់កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។
រូបភាពបានបង្ហាញកំទេចកំទីនៅរាយប៉ាយតាមច្រកទ្វារចូលព្រះវិហារមួយ ខណៈនគរបាលហុំព័ទ្ធទីកន្លែងកើតហេតុ ហើយហ្វូងមនុស្សបានចោមរោមប្រមូលផ្តុំគ្នា។
ប៉ូលីសបានថ្លែងដែរថា បានរកឃើញគ្រាប់បែកមិនទាន់ផ្ទុះ ស្ថិតនៅក្នុងព្រះវិហារមួយនៅក្នុងទីក្រុង Surabaya។ អាជ្ញាធរកំពុងស៊ើបអង្កេតថា តើមានការផ្ទុះនៅព្រះវិហារទីបួនដែរ ឬទេ ។
ប៉ូលីសបញ្ជាឱ្យបិទបណ្តោះអាសន្នព្រះវិហារទាំងអស់នៅក្នុងទីក្រុង Surabayaនេះ ខណៈពិធីបុណ្យម្ហូបអាហារដ៏ធំមួយនៅទីក្រុងនេះត្រូវប្រកាសលុបចោលផងដែរ ។
ការបំផ្ទុះគ្រាប់បែកនេះ បានកើតឡើងមិនយូរប៉ុន្មាន បន្ទាប់ពីអ្នកទោសក្រុមរដ្ឋអ៊ីស្លាមបានសម្លាប់សមាជិក ៥នាក់នៃកងកម្លាំងប្រឆាំងភេវរជន ក្នុងអំឡុងប្រឈមមុខដាក់គ្នា៣៦ ម៉ោង នៅពន្ធនាគារមួយដែលមានសន្តិសុខតឹងរ៉ឹង ជាយក្រុង ហ្សាការតា ៕ ថាច់ យ៉ាត