ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនឹងម៉ូតូបុកគ្នានៅផ្លូវបែកជាបួនបណ្តាលឲ្យអ្នកបើកម៉ូតូផ្លោងទៅបុកផើងផ្ការងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តនឹងម៉ូតូបុកគ្នានៅផ្លូវបែកជាបួន បណ្តាលឲ្យបុរសអ្នកបើកម៉ូតូផ្លោងទៅបុកផើងផ្កានៅមុខផ្ទះប្រជាពលរដ្ឋរងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២៤២កែងផ្លូវលេខ១១៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកRange Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AS-3339 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៤២ក្នុងទិសដៅពីលិចទៅកើត ហើយពេលមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីស្មាស់ ពាក់ស្លាកលេខភ្នំពេញ1J-3736 បើកបរដោយបុរសម្នាក់ក្នុងយ៉ាងលឿន ធ្វើដំណើរតាមបណ្ដោយផ្លូវ១១៣ក្នុងទិសដៅពីត្បូងទៅជើង បានជ្រុលប៉ះជាមួយរថយន្ដចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូផ្លោងទៅបុកផើងផ្កានៅមុខផ្ទះប្រជាពលរដ្ឋរងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ។

ក្រោយពីកើតហេតុភាគីខាងម្ចាស់រថយន្ដមានបំណងចង់បើករថយន្ដគេចខ្លួនតែពេលបើកបានប្រហែល៣០ម៉ែត្រវ៉ាក់ជាមួយរថយន្ដមួយគ្រឿងទើបប្រជាពលរដ្ឋនាំគ្នាជួយឃាត់បានតែម្ដង ។ បន្ទាប់ពីកើតហេតុរថយន្ដ និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីដោះស្រាយគ្នាជាក្រោយតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖