ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន ព្រះបរមរាជានុញ្ញាតថ្វាយព្រះពរ​ ព្រះករុណាជាអម្ចាស់ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានព្រះបរមរាជានុញ្ញាតថ្វាយព្រះពរ​ ព្រះករុណាជាអម្ចាស់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់៦៥ យាងចូល៦៦ ព្រះវស្សា ។

សម្តេចតេជោហ៊ុន សែន បានថ្វាយព្រះពរយ៉ាងដូច្នេះថា៖

«នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមភិរម្យថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់៦៥ យាងចូល៦៦ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤រោច ខែពិសាខ ដល់ថ្ងៃ១កើត ខែជេស្ឋ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទីទី១៣ ដល់ ១៥ ខែឧសភា ឆ្នាំ ២០១៨នេះ ទូលព្រះបង្គុំខ្ញុំព្រះករុណា និងភរិយា សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះពរ​ សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ និងសូមបួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មីព្រះនាមមហោទរាទេវី សូមព្រះអង្គមេត្តាប្រោសប្រទាននូវព្រះរាជសព្ទសាធុការពរថ្វាយ ព្រះករុណាជាអម្ចាស់ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទ្រង់ប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រទូទាំងប្រទេសជានិច្ចនិរន្តន៍តរៀងទៅ» ៕


ចែករំលែក៖