ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ក្រោយពីជិះម៉ូតូបុកគ្នាយ៉ាងពេញទំហឹងនៅក្បែរវត្តព្រះធាតុ លើផ្លូវជាតិលេខ២

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានបោកក្បាលនិងថ្នល់ ស្លាប់ក្នងថ្លុកឈាមយ៉ាងអាណោចអធម៌ និងយុវជនម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីម៉ូតូបុកជាមួយម៉ូតូទល់មុខគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្បែរច្រកចូលវត្តព្រះធាតុ ក្នុងភូមិកណ្ដាល សង្កាត់រលួសខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ផាន ឈាន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបបជាងឡាន ស្នាក់នៅម្ដុំកន្លែងកើតហេតុខាងលើ និងមានស្រុកកំនើតនៅភូមិទ្រាស ឃុំខ្នាស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ចំណែកម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ដោយមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់ បានជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី០១៣ ពាក់ស្លាកលេខភ្នំពេញ 1BS- 0484 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណះមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយម៉ូតូស៊ុយស៊ុគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FD-6150 ជិះដោយយុវជនម្នាក់ ដែលបានធ្វើដំណើរបញ្ច្រាស់គ្នា និងក្នុងល្បឿនលឿនដូចគ្នា ហើយក៏បានបុកគ្នាចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូស៊ុយស៊ុគីនិចបានបោកក្បាលជាមួយថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកភាគីខាងម៉ូតូហុងដាឌ្រីម ក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ និងត្រូវបានរថយន្តសាម៉ុយដឹងយកទៅសង្គ្រោះភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានទាក់ទងទៅជំនាញ មកធ្វើការវាស់វែង យកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ រួចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖