ភ្នំពេញ៖ បុរសម្នាក់ជាអ្នកគ្រប់គ្រងគ្រឿងសំណង់តាមខេត្តជិះរថយន្តក្រុងយកលុយមកឲ្យក្រុមហ៊ុននៅភ្នំពេញត្រូវបានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងបានឆក់ការបូបលុយបានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្ថភាព។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគល់ស្ពានអាកាស៥មករា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះអៀង ហេង ភេទប្រុស អាយុ៣៣ឆ្នាំ មុរបរអ្នកគ្រប់គ្រងគ្រឿងសំណង់នៅតាមខេត្ត ស្នាក់នៅម្តុំផ្សារឈូកមាស សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត សង្កាត់អូឬស្សី ខណ្ឌ៧មករា។
ទ្រព្យសម្បត្តិដែលត្រូវបានបាត់បង់នៅក្នុងកាបូបរួមមាន លុយដុល្លាចំនួន២០០០ដុល្លារ(ពីរពាន់ដុល្លារ)និងលុយខ្មែរចំនួន៤,000,000រៀល(បួនលានរៀល)និងទូរសព្ទ័ចំនួនពីគ្រឿង១ម៉ាកអិនចុចពិល២ម៉ាកអាយហ្វូនហ្វរសរុបទាំងអស់ប្រមាណជា៤០០០ដុល្លារ និងឯកសារមួយចំនួនផងដែរ។
តាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានជិះរថយន្តក្រុងមួយគ្រឿងពីខេត្តកំពង់ស្ពឺមកទីក្រុងភ្នំពេញបំណងយកលុយមកឲ្យក្រុមហ៊ុននៅម្តុំទួលគោកបានធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតខាងលើរូបគាត់បានឲ្យរថយន្តឈប់ហើយបានចុះពីលើរថយន្តរួចបានខលទូរសព្ទ័ហៅមិត្តភក្តិឲ្យមកយកផងលុះចាំបានបន្តិចក៍លេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកលេតពណ៍សមិនចាំស្លាកលេខបានធ្វើដំណើរទិសដៅពីលិចទៅកើតបានធ្វើសកម្មភាពឆក់កាបូបដែលរូបគាត់កំពុងកាន់ជាប់នៅនិងដៃបានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់១ ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ