ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាកូម៉ាបើកលឿនជ្រុលបុករថយន្តទេសចរណ៍ពីចំហៀងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តតាកូម៉ាមួយគ្រឿងបើកបរដោយបុរសម្នាក់បើកក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុករថយន្តទេសចរណ៍ពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនមានមនស្សរងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយមន្ទីរពេទ្យរុស្ស៊ី តាមបណ្តោយផ្លូវលេខ៤៣០កែងផ្លូវលេខ១៩៩ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តទេសចរណ៍ដឹកអ្នកដំណើរ ភ្នំពេញ ហូជីមីង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A 4087 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៩ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តម៉ាក តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP 8120 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣០ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដោយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុករថយន្តទេសចរណ៍ពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែសំណាងមិនមានមនុស្សរងរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅជំនញមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយ៉ាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖