ខេត្តកំពង់ស្ពឺ ៖នៅក្នុង ថ្ងៃរៀបពិធីមង្គលការកូន ក្មួយប្រុសស្រីបង្កើត បែរជាបងប្អូនបង្កើតជាម្ចាស់កម្មវិធីបង្កជម្លោះប្រើអំពើហិង្សា វាយគ្នា ចំនួនមួយកណ្តាប់ដៃ ទៅលើផ្ទៃមុខរបស់បងប្រុសរបស់ខ្លួនបណ្តាលឲ្យ ដួលខ្ពោកទៅនឹងដីបានប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងហេតុក្រោយមានការភ្ញាក់ផ្អើលកម្លាំងនគរបាលមូលដ្ឋានបានចុះទៅឃាត់ខ្លួនប្អូនប្រុសជាជនដៃដល់ភ្លាមៗនាំទៅផ្នែកជំនាញអធិការដ្ឋាននគរបាលស្រុក។
ហេតុការណ៍ឃាត់ប្អូនប្រុសចិត្តភ្លើងដាល់បងប្រុសបណ្តាលឲ្យស្លាប់នោះបានកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអន្លង់ពពាយ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកបាននិយាយឲ្យដឹងថានៅក្នុងពិធីមង្គលការកូនខាងលើ ក្លាយទៅជារឿងសោកសៅក្នុងគ្រួសារ(មង្គលការ ក្លាយទៅជាបុណ្យសពនោះ)ម្ចាស់ដើមការមានឈ្មោះ លឹម មុំ ភេទស្រី អាយុ៤៨ឆ្នាំ ប្អូនប្រុស ឈ្មោះ លឹម ពឺនអាយុ៤៦ឆ្នាំ ជាជនរងគ្រោះ (ស្លាប់) និងប្អូនប្រុសម្នាក់ទៀត ឈ្មោះ លឹម ពៅអាយុ៣៥ឆ្នាំ ជាជនដៃដល់រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។
តាមនគរបាលបានឲ្យដឹងថា ខណៈដែលចូលរោងពិធីមង្គលការកូនស្រ្តីឈ្មោះ លឹម មុំ ឈានមកដល់ក្នុងថ្ងៃនេះ ទៅតាមវេលាបានកំណត់ ចូលរួមពីសំណាក់បងប្អូន ញាតិមិត្តជិតឆ្ងាយ ហើយវត្តមានប្អូនៗប្រុសរបស់ស្រ្តីម្ចាស់ដើមការក៏មកចូលរួមពិធីមង្គលការក្មួយផងដែរ ស្រាប់តែនៅវេលាម៉ោងខាងលើបងប្អូនបង្កើតរបស់ម្ចាស់ដើមការ កើតទំនាស់ទាស់សម្តីគ្នាឈានដល់ប្អូនប្រុសឈ្មោះ លឹម ពៅ ប្រើកណ្តាប់ដៃវាយទៅលើផ្ទៃមុខបងប្រុសខ្លួនបង្កើតឈ្មោះលឹម ពឺន បណ្តាលឲ្យដួលផ្ងាកទៅលើរទេះគោយន្ត បណ្តាលឲ្យប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបង្កឲ្យផ្អើលឆោឡោ ពេញរោងពិធីមង្គលការ ពលរដ្ឋក្នុងភូមិរកសឹងមិនជឿត្រូវបានសមត្ថកិច្ចចុះទៅចាប់ឃាត់ខ្លួនជនដៃដល់ នាំទៅផ្នែកជំនាញអធិការដ្ឋានស្រុក កសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕ សេនា សក្តិ