ខេត្តមណ្ឌលគិរីៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពីបទលួចឈើពីក្នុងរដ្ឋបាលព្រៃឈើខ័ណ្ឌយកមកលាក់ទុកក្នុងទីតាំងសិប្បកម្មកែឆ្នៃផលអនុផលព្រៃឈើមួយកន្លែង ហើយត្រូវបានសមត្ថកិច្ចឆ្មក់ចូលបង្ក្រាប ដែលសិប្បកម្មមួយនេះ ត្រូវគេអះអាងថា មិនមានច្បាប់ទម្លាប់ត្រឹមត្រូវ ។
ប្រតិបត្តការខាងលើធ្វើឡើងដោយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីសម្របសម្រួលពី លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីនាព្រឹក ថ្ងៃពុធ ២ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៨។
ប្រភពពីនាយរងខ័ណ្ឌរដ្ឋបាលព្រៃឈើបានប្រាប់ថា មានម្ចាស់ឈ្មោះអ៊ាម ប៊ុនលី មានទីតាំងឃ្លាំងមួយក្នុងភូមិចការតែសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
ប្រភពបន្តថាវត្ថុតាងដែលដកហូតរួមមានម៉ូទ័រកាត់ជ្រៀកចំនួន០៥គ្រឿង រួមនិងឈើចម្រុះជាច្រើននៅមិនទាន់ធ្វើការវាស់វែងនៅឡើយ។
ក្នុងប្រតិបតិ្តការនេះ យុវជនម្នាក់ក៏ត្រូវចាប់ខ្លួនផងដែរពាក់ព័ន្ធនឹងការចូលមកលួចវត្ថុតាងដែលសមត្ថកិច្ចកំពុងបង្ក្រាប។
ជនសង្ស័យមានឈ្មោះខឿន សុឃីម កំពុងស្ថិតក្នុងចំណាត់ការរបស់នគរបាលក្រុងសែនមនោរម្យនាថ្ងៃដដែលនេះ ៕ ជីវ័ន្ត