ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោក ប្រាក់ សុខុន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ នៅសាលាបឋមសិក្សា ហ៊ុន សែន ព្រែកគយ ស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្តាល៖ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ លោក សារ៉ាក់ ខាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្អាង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្អាង ដោយមានការចូលរួមពី លោក សន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្អាង និងជាប្រធានគណៈពង្រឹងមូលដ្ឋានឃុំព្រែកគយ និងសហការី ព្រមទាំងមានការចូលរួមពីមន្ត្រីសាលាស្រុកស្អាង បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ នៅសាលាបឋមសិក្សា ហ៊ុន សែន ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

លោក ឃី វុឌ្ឍិ នាយកសាលាបឋមសិក្សា ហ៊ុន សែន ព្រែកគយ ក៏បានឡើងអានរបាយការណ៍ ពីការការកសាងសាលា និងរូបសំណាកព្រះពុទ្ធជាមួយនិងការឧបត្ថម្ភជាថវិកាពីក្រុមការងារ សប្បុរសជន ជូនដល់តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្អាង ដ៏ដូចជាក្រុមការងារនិងសហការីបានជ្រាបជារបាយការណ៍។

លោក សារ៉ាក់ ខាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្អាង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្អាង បានមានប្រសាសន៍លើកឡើងពីការខិតខំរបស់គណះគ្រប់គ្រងសាលា អាជ្ញាធរ លោកគ្រូអ្នកគ្រូ យកចិត្តទុកដាក់លើវិស័យអប់រំ ពិសេសសមិទ្ធផលថ្មីៗនេះ គឺមានសារះសំខាន់ណាស់សម្រាប់ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស បានអោយកូនៗ ក្មួយៗ ចៅៗ របស់ប្រជាជនយើងក្នុងមូលដ្ឋានបានចូលសិក្សា រៀនសូត្រ ក្រេបជញ្ជក់នូវចំណេះដឹង និងជាសសរទ្រូងនៃប្រទេសជាតិ។

លោកបន្តថា៖ ប្រទេសជាតិយើងមិនត្រឹមរីកចម្រើនលើវិស័យអប់រំប៉ុណ្ណោះទេ ក្រោមមាគា៍ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺយើងទទួលបានសុខសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងក្របខណ្ឌទូទាំងប្រទេស។ ដូច្នេះលោកក៏បានអំពាវនាវអោយប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ ប្រម៉ែប្រមូលបងប្អូនយើងទាំងអស់គ្នាទៅបោះឆ្នោតកុំអោយខានអោយសោះ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ អោយបានគ្រប់ៗគ្នា។

នៅក្នុងកម្មវិធីនេះគណៈអធិបតីក៏បានចែកជូនសម្ភារៈអនុស្សាវរីយ៍ និងថវិកាទាំងនោះរួមមាន៖

១.កាតាប ចំនួន ៧៩កាតាប=៨៦៩$ ។

២.ឧបត្ថម្ភថវិកាជូនដល់លោកគ្រូ-អ្នកគ្រូ ៧៩នាក់ ក្នុងម្នាក់ៗ ចំនួន ២០,០០០៛ ។

៣.ឧបត្ថម្ភថវិកាពិសារអាហារសាមគ្គី ចំនួន ១,៥០០,០០០៛ ។

៤.ឧបត្ថម្ភកម្មវិធី ៧០០,០០០៛

៥.ឧបត្ថម្ភថវិកាជូនប៉ូលីស ១០០,០០០៛

៦.ឧបត្ថម្ភថវិកាជូនប្រជាការពារ ២០០,០០០៛

សរុបថវិកាទាំងអស់ ចំនួន ៤,០៨០,០០០៛ និង ៨៦៩$៕ សុខ ខេមរា


ចែករំលែក៖