ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តព្រុសបានមកបុកនឹងរថយន្តឡិចសុីស GS 300 ខាងស្ដាំរថយន្តពេញទំហឹង ត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរថយន្តរងការខូចខាត យ៉ាងដំណំទាំងសងខាង ហើយម្ចាស់រថយន្តទាំង២គ្រឿងចង់ផ្ទុះហិង្សាដាក់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១រំលងអធ្រាត្រ ឈានចូល ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយ ផ្លូវលេខ១០៥ កែងនឹង៤៥៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតគេបានឃើញ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ឡិចសុីស GS 300 ពណ៌ស អត់ពាក់ស្លាកលេខក្នុងទិសដៅពីកើតមកលិច ស្រាប់តែមានបុរសម្នាក់បានបើករថយន្តព្រុស មួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2V.9504 ក្នុងទិសដៅពីជើងមកត្បូង បានជ្រុលមកបុក និងរថយន្តឡិចសុីសខាងលើចំខាងស្ដាំរថយន្តពេញទំហឹង ត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរថយន្តរងការខូចខាត យ៉ាងដំណំទាំងសងខាង ហើយម្ចាស់រថយន្តទាំង២គ្រឿងបាន ចង់ផ្ទុះហិង្សាដាក់គ្នា តែត្រូវប្រជាពលរដ្នដែលនៅក្បែរនោះបាននាំគ្នាជួយឃាត់ភ្លាមៗផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្នានបានចុះមកដល់កន្លែងកើតហេតុនិងវាស់វែងរថយន្តបង្ក និងរថយន្ត២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ ៕ ស រស្មី