ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងរ និងនារីម្នាក់ទៀតដែលរួមដំណើរជាមួយ បានសន្លប់មួយដង្ហើមចង្រឹត បន្ទាប់ពីជិះម៉ូតូឌុបគ្នាយ៉ាងលឿន ជ្រុលទៅបុករថយន្តឡិចស៊ីស470ពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូ និងរថយន្តរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៥រសៀល ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯង ខណ្ឌដង្កោ ជាប់ព្រុំប្រទល់ជាមួយសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេបានឃើញយុវជនប្រុសស្រីពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI Lets ពណ៌ស លាយខៀវ ពាក់ស្លាកលេខ កណ្ដាល 1Z-0860 បានជិះឌុបគ្នាតាមបណ្តោយផ្លូវ60ម៉ែត្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំនុចកើតហេតុខាងលើ ស្របពេលដែលរថយន្តឡិចស៊ីសLX470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2X-8938 ដែលធ្វើដំណើរស្របគ្នានៅខាងមុខ បានបើកមកចញ្ចើមផ្លូវ ក៏ត្រូវម៉ូតូSUZUKI Letsបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់ជាអ្នកឌុប បានបាក់ជើងស្ដាំ រងរបួសធ្ងន់ ចំណែកនារីម្នាក់ដែលអង្គុយពីក្រោយ បានសន្លប់មួយដង្ហើមចង្រឹត រីឯម៉ូតូបានខ្ទេចមួយកំណាត់មុខ ហើយរថយន្តបែកកញ្ចក់ និងកាងក្រោយយ៉ាងដំណំផងដែរ ។
ក្រោយកើតហេតុ យុវជនរងគ្រោះម្ចាស់ម៉ូតូ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យឯកជន សួគ៌ា ទៅដឹកបញ្ចូនមកកាន់មន្ទីពេទ្យភ្លាមៗ ចំណែកឯនារីរងគ្រោះដែលអង្គុយខាងក្រោយ បានក្រោកឡើងវិញ ហើយត្រូវបានបងប្អូនដែលបានស្គាល់ ដឹកចេញទៅបាត់ ។
បន្ទាប់ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូខាងលើ ទៅរក្សារទុកនៅអធិការដ្ឋាននគរបាលចរាចរណ៍ខណ្ឌដង្កោ រងចាំដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ ៕ ភារ៉ា ដង្កោ