ខេត្តកំពង់ធំ៖ អំណោយកញ្ចប់ស្រាយបួស ខែរ៉ាម៉ាឌន របស់សប្បុរសធម៌បារាំង ៥០០កញ្ចាប់ ត្រូវបានចែកជូន ដល់ដៃជនក្រីក្រខ្មែរ អ៊ីស្លាម៥០០ គ្រួ សារ នៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្ដកំពង់ធំ ដែលដឹកនាំដោយ លោក សឹម សុខព្រី និង លោកស្រី ម៉ាណ ណាវី តំណាង លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងសប្បុរសជន អង្គការសប្បុរសធម៌LIfE ប្រទេសបារាំង ដែលដឹកនាំ ដោយលោក Steve Karim ជាប្រធាន។ កាលពីថ្ងៃព្រហស្បតិ៏ ៣កើត ខែជេស្ន ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ។
លោក Steve Karim បញ្ជាក់ថា៖ អំណោយនេះ ជាទឹកចិត្តដ៏ថ្លៃថ្លារបស់សប្បុរសជនចម្រុះជាតិសាសន៍ ដែលរស់នៅប្រទេសបារាំង ហើយជាការចូលរួមអបអរសាទរដល់បងប្អូនខ្មែរអ៊ីស្លាមនៅកម្ពុជា។
លោកបន្តថា៖ ទោះបីកម្ពុជានៅឆ្ងាយរាប់ពាន់គីឡូពីប្រទេសបារាំង ប៉ុន្តែសុខសន្តិភាពនៅកម្ពុជា កំពុងដំណើរការយ៉ាងរលូន ហើយក៏ ជា ភាតរភាពរបស់សប្បុរសជន បារាំង ជាមួយបងប្អូននៅកម្ពុជារៀងរហូត ក៏ដូចជាការគោរពស្រលាញ់ ការដឹកនាំល្អរបស់ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា ។
លោកស្រីម៉ាណ ណាវី តំណាងលោកអូស្មាន ហាស្សាន់ ក៏បានកោតសរសើរដល់តំណាងសប្បុរសជន ដែលជាអង្គការដៃគូរ បាន និងកំពុងសហការចូលរួមយ៉ាងសកម្មផ្តល់ជំនួយផ្នែកកញ្ចប់អាហារ ស្រាយបួស ជាសម្ភារៈ អង្ករ, ទឹកត្រី ,ទឹសាអ៊ីវ, ត្រីខ, ស្កសរ អំបិល និង គ្រឿង ឧបភោគបរិភោគ ជាច្រើនទៀត ក្រៅ ពីនោះ ក៏បានចូលរួមកសាង សង្គម ដូចជាការចូលរួម កសាង អណ្តូងទឹក ស្អាតជា សាលារៀន វិហារជាច្រើន ទៀតនៅតាមសហគមន៍ អ្នកក្រីក្រ អ្នកខ្សត់ទឹកប្រើប្រាស់ជាដើម ។
លោកសឹម សុខព្រី អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានបញ្ជាក់ថា៖ ដោយសារតែគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើអោយសុខសន្តិភាពពេញផ្ទៃប្រទេសបន្តមកជាង៣ទស្សវត្ស ហើយក៏កំពុងផ្តល់ក្តីទំនុកចិត្តមួយដល់សហគមន៍អន្តរជាតិ ចំពោះការធ្វើសុខដមបនីយកម្មនៅកម្ពុជា ប្រកប ដោយប្រសិទ្ធផលខ្ពស់។
លោកបន្តថា៖ ស្នាដៃនៃការសាងទំនុកចិត្តនេះ បានញ៉ាំងអោយកម្ពុជាទទួលស្វាគមន៍ទាំងវិនិយោគិន ទេសចរណ៍ អ្នកការទូត ស្ថាប័នអង្គការ ម្ចាស់ជំនួយ និង កិច្ចសហប្រតិវត្តិការ អន្តរជាតិកាន់តែមានភាពរឹងមាំឡើង។
អំណោយយកទៅប្រគល់ជូននៅពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ៥០គីឡូក្រាម,មី ប្រេងឆា, សាប៊ូបោកខោអាវ និងសាប៊ូដុំថ្នាំដុស ធ្មេញ ,ស្ករសរ ,មីឡូនិងអំណោយជាសម្ភារៈ ច្រើនទៀត ត្រូវបានតៀមចែកជូនបន្ដដល់ដៃបងប្អូនខ្មែរអ៊ីស្លាម នៅតាមបណ្ដាសហគមន៏ នៅទូទាំងប្រទេស ក្នុងខែបួសរ៉ាម៉ាឌននេះ ។
សូមបញ្ជាក់ថា៖ នៅថ្ងៃព្រហស្បតិ៍ទី១៧ ខែឧសភា អ្នកកាន់សាសនាអ៊ីស្លាមនៅកម្ពុជា ក៏ដូចជាអ្នកកាន់សាសនាអ៊ីស្លាមប្រមាណជិត២ ពាន់លាននាក់ នៅជុំវិញពិភពលោក ចាប់ផ្ដើមអនុវត្តកាត្វកិច្ចតមអាហារ ក្នុងខែរ៉ម៉ាឌន ដែលជាខែពិសិដ្ឋរបស់ខ្លួន។ នៅកម្ពុជា ខែរ៉ម៉ាឌន ត្រូវបានគេហៅជាទូទៅថា ជាខែដែលបងប្អូនខ្មែរអ៊ីស្លាមបួសឬ ជាខែបួស ឬក៏ជាខែដែលជនមូស្លីមតមមិនបរិភោគ ឬផឹកនៅពេលថ្ងៃ រយៈពេលមួយខែ។ រ៉ាម៉ាឌន ជាខែទី៩ ក្នុងប្រតិទិនចន្ទគតិនៃសាសនាអ៊ីស្លាម ហើយដែលត្រូវបានចាត់ទុកថា ជាចៅហ្វាយនៃខែឯទៀតៗ។ ដោយសារក្នុង មួយឆ្នាំ នៃប្រតិទិនចន្ទគតិនេះគឺមាន១១ថ្ងៃ ខ្លីជាងប្រតិទិនសុរិយាគតិ ធ្វើឲ្យខែរ៉ម៉ាឌន វិលជុំថយក្រោយកាត់តាមរដូវនីមួយៗ។ ឧទាហរណ៍៖ ខែរ៉ម៉ាឌននៅឆ្នាំ២០១៧ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ចំណែកឯ រ៉ម៉ាឌន នៅក្នុងឆ្នាំ២០១៨នេះ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភាវិញ ហើយវានឹងបន្តថយមកទៀតជារៀងរាល់ឆ្នាំ ៕ សំរិត