ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញគ្រាប់បែក៥៤គ្រាប់នៅក្នុងផ្ទះជនវាយប្រហារនៅទីស្នាក់ការប៉ូលិសឥណ្ឌូនេស៊ី

ចែករំលែក៖

កម្លាំងប៉ូលិសប្រឆាំងភេរវកម្ម ឥណ្ឌូនេ ស៊ី បានរកឃើញគ្រាប់បែកសរុបដល់ទៅ៥៤គ្រាប់ នៅក្នុងផ្ទះជនដៃដល់ Tri Murtiono អ្នកដឹកនាំការវាយប្រហារភេរវកម្ម បំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រះវិហារ Surabaya កាលពីថ្ងៃទី១៤ខែឧសភា។

ស្នងការប៉ូលិស ទីក្រុងSurabaya លោក Rudi Setiawan បានប្រកាសឲ្យដឹងថា គ្រាប់បែក កែច្នៃ ជាការត្រៀមលក្ខណៈ សម្រាប់វាយប្រហារ ។ រំសេវផ្ទុះត្រូវបាន រក្សាទុកនៅក្នុង២៧ធុងផ្សេងគ្នា។

តាមប្រភពព័ត៌មានពីប៉ូលិសបានឲ្យ ដឹងថា ជនវាយប្រហារគ្រាប់បែកអត្តឃាតនៅព្រះវិហារ៣កន្លែងផ្សេងគ្នា ក្នុងក្រុង Surabaya ភាគខាងកើត កោះជ្វា(ចាវ៉ា) កាលពីថ្ងៃទី១៣ខែឧសភា កម្លាំងប៉ូលិសបានចាប់ខ្លួនជនសង្ស័យ១៩នាក់ ដោយ ក្នុងនោះមាន ១៣នាក់នៅតំបន់Palembang ភាគខាងត្បូងកោះស៊ូម៉ាត្រា ។ ២នាក់ នៅតំបន់Pekanburu ស្ថិតនៅក្នុងខេត្ត Riau និង ៤នាក់នៅតំបន់ Bangeren Tangerang ។ នៅក្នុងសកម្មភាព កម្ចាត់ ក្រុមភេរវកម្មប៉ូលិសក៏បានបាញ់សម្លាប់ ក្រុមភេរវករ៤នាក់ផងដែរ។

កាលពីថ្ងៃទី១៦ខែឧសភាប៉ូលិសឥណ្ឌូនេស៊ី បានបាញ់សម្លាប់មនុស្ស៣នាក់ បន្ទាប់ ពីជនសង្ស័យម្នាក់ក្នុងចំណោមនោះ បាន វាយប្រហារមកលើអាជ្ញាធរ ដោយប្រើដាវ សាមូរ៉ៃ និងបានបណ្តាលឲ្យមន្រ្តីប៉ូលិសពីរនាក់របួស នៅឯទីបញ្ជាការប៉ូលិស Riau ក្នុងទីក្រុង ផេកាន់បារូ (Pekanbaru) លើ កោះស៊ូម៉ាត្រា។ នេះបើតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ ២០១៨។

បើតាមរបាយការណ៍របស់ប៉ូលិស ឥណ្ឌូនេស៊ី បុរសម្នាក់ក្នុងចំណោមជន សង្ស័យទាំង ៣នាក់ខាងលើ បានបំពាក់គ្រាប់បែកជាប់នឹងខ្លួនរបស់គេ។ ក្រៅពី នេះបុរសម្នាក់ទៀត ក៏ត្រូវបានចាប់ ឃាត់ខ្លួនផងដែរ ខណៈជនសង្ស័យ ប្រហែល ៤នាក់ផ្សេងទៀត ទំនងជាបាន រត់គេចខ្លួនពីកន្លែងកើតហេតុ។

គួរជម្រាបថា បើតាមប្រភពដដែល បុរសជាជនសង្ស័យទាំងប៉ុន្មាននាក់ខាងលើ បានបើករថយន្តមួយគ្រឿង សំដៅ មកកាន់បរិវេណនៃស្ថានីយប៉ូលិស មុនធ្វើសកម្មភាពវាយប្រហារខាងលើនេះ។ អំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ករណី វាយប្រហារជាបន្តបន្ទាប់ ជាពិសេសនោះគឺការបំផ្ទុះគ្រាប់បែកអត្តឃាតតែម្តង បានអុកឡុកប្រទេសឥណ្ឌូនេស៊ីជាខ្លាំង និង ផ្តាច់ជីវិតមនុស្សជាច្រើននាក់ ដោយ កាលពីដើមសប្តាហ៍នេះ ស្ថានីយប៉ូលិស នៅក្នុងក្រុង សារ៉ាបេយ (Sarabay) នៃ ខេត្តចាវ៉ាភាគខាងកើត ទើបតែបានទទួល រងការបំផ្ទុះគ្រាប់បែកហើយប៉ុណ្ណោះ៕ ម៉ែវ សាធី


ចែករំលែក៖