ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ពាក្យសម្ដីទាញដុំថ្ម និងដែកគប់គូភាគីរងរបួសធ្ងន់នគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកវាលវែងឃាត់ខ្លួនដើម្បីសួរនាំ បន្ទាប់ពីបុរសរូបនេះបានធ្វើសកម្មភាពហិង្សាដោយចេតនា លើភាគីគូទំនាស់បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីយប់ ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចខាងជើងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកវាលវែងឃើញថា ជនសង្ស័យបង្កហិង្សាដោយចេតនាខាងលើឈ្មោះ សល់ ធន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ ចំណែកជនរងរបួសឈ្មោះ សុទ្ធ បូរ ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ ឃុំជាមួយគ្នា(ក្បែរខាងគ្នា) ។

ក្នុងរបាយការណ៍បន្តថា មិនបានបញ្ជាក់អំពីមូលហេតុច្បាស់លាសពិតមែនតែថា មកពីស្រវឹងស្រា ទើបក្លាយជាទំនាស់ពាក្យសម្ដីរវាងអ្នកក្បែខាងគ្នាក៍ឈានដល់ទាញដុំថ្ម និងបូមម៉ូតូគប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសបែកហើមជាំម្រៀម និងខ្នងខាងស្ដាំយ៉ាងដំណំ ។

នៅក្នុងហេតុការណ៍ដដែលបន្តទៀតថា ចំពោះជនសង្ស័យបាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ ប៉ឹម ពិន


ចែករំលែក៖