ព័ត៌មានទាន់ហេតុការណ៍៖

ករណីពុលស្លាប់នៅខេត្តក្រចេះគឺដោយសារសារធាតុគីមីហ្សានីតបង្ហូរដោយការដ្ឋានជីករ៉ែមាស

ចែករំលែក៖

ភ្នំពេញ៖ ជាជំហានបឋមអាជ្ញាធរពាក់ព័ន្ធបានដាក់ការស្មានថា «ពុលស្រា» ហើយបានចាត់វិធានកាលើអ្នកបិតស្រា ឯក្រសួងសុខាភិបាល ក៏ថាមកពីពុលស្រា ឯក្រសួងឧស្សាហកម្មថាមកពីពុលសារធាតុគីមីដែលចម្រាញ់យករ៉ែមាស ។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋ មន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ថា ករណីពុលស្លាប់មនុស្សជាង១០នាក់ និង រាប់រយនាក់ផ្សេងទៀតពុលខ្លាំងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យមានទាំងក្មេងទាំងចាស់ នៅស្រុកចិត្របុរី ខេត្តក្រចេះនោះ គឺដោយសារពុលនឹងសារធាតុគីមីសម្រាប់លាង សម្អាតរ៉ែមាស មិនមែនថ្នាំកសិកម្មបាញ់ សម្លាប់ស្មៅនោះទេ ព្រោះថ្នាំសម្លាប់ស្មៅ នេះ វាមិនមានសារធាតុគីមីពុល «ហ្សានីត» ឡើយ ។

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សា ហកម្ម និងសិប្បកម្មបានឲ្យដឹងបន្តថា ក្រសួងឧស្សាហកម្ម និងសិប្បកម្មបាននិងកំពុងធ្វើរបាយការណ៍បញ្ជូនទៅកាន់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីត្រួតពិនិត្យ និង មានវិធានការ ។

លោក ចម ប្រសិទ្ធ អះអាងបន្តថា រដ្ឋាភិបាលនឹងមានវិធានការដល់អាជីវកម្មរ៉ែមាសប្រើប្រាស់សារធាតុគីមីពុលនាពេលខាងមុខនេះពិសេសអាជីវកម្មគ្មានច្បាប់តែម្តងដែលប្រើសារធាតុគីមីពុល«ហ្សានីត» ស្រេចនឹងចិត្តនិងមិនដឹងសុំនាំចូលពីច្រកណាមកទេ ។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បន្ត ទៀតថា ថ្ងៃដំបូងវិភាគឃើញថាមានប្រជាជនពុលដោយសារទឹក ព្រោះប្រជាជនដែលយកទឹកព្រែកទេមកធ្វើនំអន្សមលក់ អ្នកទិញក៏ពុលដែរ។ ហេតុអ្វីបានជាវា ពុល? លោករដ្ឋមន្រ្តីថាក្រសួងរកឃើញកម្រិតនៅក្នុងទឹកមានសារធាតុ«ក្រូម» (Chromium) ដែលសារធាតុគីមីក្រូមនេះប៉ះពាល់ដល់គ្រឿងក្នុងរបស់មនុស្សច្រើន ហើយក៏ឃើញមានសារធាតុគីមីពុល«ហ្សានីត» ទៀតផង។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បន្ថែម ថា គីមីពុល«ហ្សានីត» គេប្រើសម្រាប់លាងមាសពីអាចម៍ដីនៃរ៉ែ ។ អ៊ីចឹងរ៉ៃនោះនៅឯ ណា? ក្រុមបេសកកម្មចម្រុះបានស្រាវជ្រាវឡើងរហូតទៅដល់ខេត្តមណ្ឌលគិរី ព្រោះ ព្រែកទេ មានប្រភពមកពីមណ្ឌលគិរីជាលទ្ធ ផលទៅដល់កន្លែងអាជីវកម្មរ៉ែមាសទាំងនោះ ទាំងមានច្បាប់អនុញ្ញាតនិងគ្មានច្បាប់ រកឃើញធុងសារធាតុគីមីពុល«ហ្សានីត» នៅទីនោះទៀត ។

លោកទេសរដ្ឋមន្ត្រី ប្រាប់ថា ម្ចាស់ អាជីវកម្មរ៉ែមាសប្រើហើយ អត់មានប្រព័ន្ធការពារសុវត្ថិភាពអីទេដល់ពេលមានភ្លៀងទឹកវាហូរដល់ព្រែក ។មានអាជីវកម្មនៅ តាមដងស្ទឹងព្រែកទេហើយមានប្រើប្រាស់សារធាតុគីមីសម្រាប់លាងសម្អាតមាសដែលមានសារធាតុពុលខ្លាំង។

លោករដ្ឋមន្រ្តីបានអះអាងដែរថា ករណី ពុលស្លាប់មនុស្សជាង១០នាក់និងរាប់សិប នាក់ផ្សេងទៀតពុលខ្លាំង គឺមានជាប់ពាក់ ព័ន្ធការដ្ឋានរុករករ៉ែដែលបានប្រើប្រាស់សារធាតុគីមី(ហ្សានីត)បង្ហូរចូលក្នុងទឹក។ តែអ្វីសំខាន់ គឺមានសារធាតុគីមី(ហ្សានីត)ដែលជាសារធាតុពុលម្យ៉ាងមានប្រភពហូរមកពីការដ្ឋានរ៉ែមាស។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្ត ក្រចេះ រងគ្រោះពុលសារធាតុគីមី (ហ្សានីត) ដោយមានរោគសញ្ញាដូចជា ឈឺពោះ, ក្អួត ចង្អោរ, ឈឺក, អស់កម្លាំង, ទន់ដៃទន់ជើង, វិលមុខនិងថប់ដង្ហើមរហូតបណ្តាលឲ្យ ស្លាប់និងជនរងគ្រោះជាច្រើននាក់ផ្សេងទៀត ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តនិងមន្ទីរពេទ្យកាល់់ម៉ែតជាដើម។

ដោយឡែក នៅខេត្តមណ្ឌលគិរី នៅថ្ងៃ ទី១០ ខែឧសភា ឆ្នាំ២០១៨ ជនរងគ្រោះ ដែលពុល បានកើនឡើងជាង៣០នាក់ បានកើតឡើងនៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខណៈដែលពីដំបូងបណ្ដាលឲ្យមនុស្សប្រុសស្រី១៤នាក់មានអាការក្អួតចង្អោរ ។

កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា អ្នកស្លាប់ដោយករណីពុលនៅក្នុងខេត្តក្រចេះបានកើនឡើងដល់១៣នាក់ ខណៈអ្នកជំងឺ១៣៤នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យខេត្តក្រចេះ និង១២នាក់ត្រូវបានបញ្ជូនមកសង្រេ្គាះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត ក្នុងរាជធានីភ្នំពេញ ។

ក្រសួងសុខាភិបាលបានដាក់ចេញនូវ វិធានការបម្រាម៣ចំណុចបញ្ឈប់ការបិតនិងលក់ស្រាសក្នុងមូលដ្ឋាន។បំរាមប្រជាជនក្នុងភូមិ កុំឲ្យប្រើប្រាស់ទឹកអូរ ក្នុងតំបន់ សង្ស័យ និងជួយផ្គត់ផ្គង់ទឹកស្អាត ដោយ ឥតគិតថ្លៃជូនពលរដ្ឋ។អប់រំអនាម័យរស់នៅ និងហូបស្អាតដល់ប្រជាជនក្នុងភូមិ។

បញ្ហាត្រូវដោះស្រាយគឺ តើនរណាឲ្យ ជីករករ៉ែមាសគ្មានច្បាប់អនុអញ្ញាតនៅផ្នែកខាងលើនៃព្រែកទេស្រុកចិត្របុរីនេះ?តើសមត្ថកិច្ចព្រំដែនរូបណា ដែលបានអនុញ្ញាតឲ្យនាំចូលនូវសារធាតុគីមី(ហ្សានីត)ចូលមកក្នុងទឹកដីកម្ពុជា? ៕ ហេង សូរិយា


ចែករំលែក៖