ព័ត៌មានទាន់ហេតុការណ៍៖

មេភេរវកម្មIS នៅប្រទេសឥណ្ឌូនេស៊ីអាចនឹងត្រូវប្រហារជីវិត

ចែករំលែក៖

ក្រុមរដ្ឋអាជ្ញានៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បានរួមគ្នាស្នើឲ្យ ប្រហារជីវិត មេភេរវកម្មសាខាក្រុមIS នៅក្នុងប្រទេសនេះ ក្រោយពីមានការវាយប្រហារអត្តឃាតសម្លាប់មនុស្សអស់ជា ច្រើន។

កាលពីថ្ងៃទី១៨ខែឧសភា កន្លងមក ក្រុមរដ្ឋអាជ្ញាឥណ្ឌូនេស៊ីបានដាក់សំណើទាមទារឲ្យមានការផ្តន្ទាទោសប្រហារជីវិតទៅលើបព្វជិតជ្រុលនិយមមួយរូប ជាមេក្រុមសកម្មប្រយុទ្ធមួយដែលទទួលឥទ្ធិពលពីពួក IS និងមានជាប់ពាក់ព័ន្ធក្នុងករណី វាយប្រហារយ៉ាងកក្រើកជាបន្តបន្ទាប់ នៅ ក្នុងប្រទេសអាស៊ានមួយនេះ ដែលបាន ផ្តាច់ជីវិតមនុស្សយ៉ាងតិចចំនួន ៣១នាក់។

ជនឈ្មោះ អាមែន អាប់ឌួរ៉ាហ៍មែន (Aman Abdurrahman) ក៏ដូចជាឈ្មោះ មួយទៀតថា Oman Rahman នោះ ត្រូវ គេចាត់ទុកថា ជាមេដឹកនាំនៃក្រុមសកម្ម ប្រយុទ្ធ ហ្សាម៉ាអាហ៍ អានហ្សារុត ដូឡាហ៍ (Jamaah Ansharut Daulah) ឬ JAD ដែលសមាជិកនៃក្រុមនេះ គឺជាជនដៃដល់នៅក្នុងការប៉ុនប៉ងហែកគុកក្នុងស្ថានីយ ប៉ូលិសមួយកន្លែង ព្រមទាំងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅឯព្រះវិហារគ្រឹស្ត៣ កន្លែង រួមជាមួយទីបញ្ជាការប៉ូលិសមួយ កន្លែង នៅក្នុងប្រទេសឥណ្ឌូនេស៊ី គិតចាប់តាំងតែពីថ្ងៃសុក្រសប្តាហ៍មុននេះមក។

គួរជម្រាបថា ជន Abdurrahman ដែលជាអ្នកគាំទ្រមនោគមន៍វិជ្ជារបស់ក្រុមភេរវករ IS នៅឥណ្ឌួនេស៊ី បានឡើងសវនាការនា ថ្ងៃសុក្រនេះ ជុំវិញតួនាទីរបស់ជនរូបនេះ នៅក្នុងការបញ្ជាឲ្យមានការវាយប្រហារ អត្តឃាត នៅឯរដ្ឋធានីហ្សាការតា កាល ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ដែលបាន ផ្តាច់ជីវិតជនស៊ីវិល៤នាក់ និងជនបំផ្ទុះ គ្រាប់បែកផ្ទាល់ចំនួន ៤នាក់។ ជុំវិញសំណុំ រឿងនេះ ក្រុមរដ្ឋអាជ្ញាឥណ្ឌូនេស៊ីបានទាមទារឲ្យអង្គចៅក្រម សម្រេចផ្តន្ទាទោសប្រហារជីវិតដល់បុគ្គលរូបនេះ។ ម៉្យាងវិញ ទៀត មន្រ្តីប៉ូលិសសរុបជាង ១០០នាក់ ក្នុងនោះមានមកពីអង្គភាពប្រឆាំងភេរវកម្មជាដើម ត្រូវបានដាក់ពង្រាយដើម្បីយាមការពារសវនាការនាថ្ងៃសុក្រនេះផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖