ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានក្រុមរៀបគម្រោងលួចទ្រព្យសម្បត្តិអតីតប្រធានភូមិបាល ក្រុងស្ទឹងត្រែងបានសម្រេចជាមួយគ្រឿងអលង្ការពេជ្រសរុបរាប់មុឺនដុល្លារបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែង បានបំបែកសំណុំរឿងករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋបានសម្រេច ប្រព្រឹត្តនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗ ។

ជនសង្ស័យត្រូវបញ្ជូនទៅសាលាដំបូងខេត្ត និងបន្តនាំទៅពន្ធនាគារនារសៀលថ្ងៃព្រហស្បតិ៍ ៣ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំការវិនិច្ឆ័យសេចក្តីតាមមាត្រាច្បាប់។

តាមប្រភពព័ត៌មានឲ្យដឹងថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះអតីតប្រធានភូមិបាល ក្រុងស្ទឹងត្រែង លោក សេង សុផាត បានរៀបពិសារបាយសាមគ្គីរួមញ្ញាតិមិត្តលុះវេលាម៉ោងប្រមាណជា២២ ស្រាប់មានករណីផ្អើលឆោឡោឡើងដោយបានបាត់របស់របរគ្រឿងអលង្ការ និងលុយយ៉ាងច្រើនថែមទៀត ទើបឈានទៅដាក់ពាក្យបណ្តឹងនៅការិយាល័យនគរបាលព្រហ្មទណ្ឌដើម្បីស្រាវជ្រាវស៊ើបអង្កេត ។

លុះក្រោយមកទើបមានការសង្ស័យទៅលើក្មេងស្រីជាអ្នកបម្រើរការងារជាមេផ្ទះ កម្លាំងជំនាញបានដាក់គោលដៅថា ជាមុខសញ្ញាដែលបង្កឲ្យមានអំពើលួច។

ក្រោយពីស្រាវជ្រាវកម្លាំងនគរបាលព្រហ្មទណ្ឌបាននាំទៅសារសួរទើបធ្លាយដឹងថាការបាត់របស់របរគ្រឿអលង្ការ និងលុយមួយចំនួនធំនោះផ្តើមចេញពីការរៀបចំគម្រោងក្នុងកម្មវិធីបាយសាមគ្គីត្រូវបានធ្វើឡើងក្រោមរូបភាពម្ចាស់ផ្ទះមមាញឹក និងភ្លេចខ្លួន។

មន្ត្រីនគរបាលព្រ្មទណ្ឌឲ្យដឹងថា ជនសង្ស័យមានបក្ខពួកចំនួន៣នាក់បានរៀបគម្រោងមុនថ្ងៃកម្មវិធីចាប់ផ្តើមមួយថ្ងៃគឺនៅថ្ងៃទី១៤ លុះថ្ងៃទី១៥ នៅវេលាយប់ទើបពួកគេចេញធ្វើសកម្មភាពដោយក្មេងស្រីបម្រើការងារជាមេផ្ទះជាអ្នកគ្រប់គ្រងសកម្មភាពហើយចូលបន្ទប់កូនស្រីលោក សេង សុផាត អតីតប្រធានភូមិបាល ក្រុងស្ទឹងត្រែងដោយបានយកលុយដុល្លារចំនួន៦៤៥០ដុល្លារលុយខ្មែរចំនួន២លានរៀល ទូរស័ព្ទដៃស៊េរីទំនើបចំនួន២គ្រឿង និងកងដៃពេជ្រតម្លៃ៦៥០០ដុល្លារទៀត ហុចប្រគល់ឲ្យបងស្រីបង្កើតរបស់ខ្លួនចាំនៅក្រៅរបង ។

ចំណែកជនសង្ស័យជាបងថ្លៃចូលទៅក្នុងបន្ទប់លោក សេង សុផាត លួចយកនាឡិកាខ្សែផ្លាកទីនមួយខ្សែ និងទូរស័ព្ទដៃស៊េរីទំនើបមួយគ្រឿងបន្ថែម។

បន្ទាប់ពីផែនការបានសម្រេចបងស្រីបង្កើត និងបងថ្លៃគេចខ្លួនបាត់រីឯក្មេងស្រីបម្រើការងារមេផ្ទះបន្តកិច្ចការផ្ទះធម្មតាវិញ លុះវេលាម៉ោងប្រមាណជា២២យប់ទើបផ្អើលបាត់របស់របរក្នុងបន្ទប់។

លោក ហោ វុទ្ធី នាយការិយាល័យព្រ្មទណ្ឌកម្រិតស្រាលឲ្យដឹងបន្ថែមថា ជនសង្ស័យមានគ្នា៣នាក់បានរួមគំនិតរៀបចំគម្រោងលួចទ្រព្យសម្បត្តិក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដោយបានប្រមូលលុយដុល្លារចំនួន៦៤៥០ដុល្លារ លុយខ្មែរចំនួន២លានរៀលនាឡិកាខ្សែផ្លាកទីនមួយគ្រឿងទូរស័ព្ទIphone៧ piasចំនួន៣គ្រឿង និងកងដៃពេជ្រតម្លៃ៦៥០០ដុល្លារទៀតផងដែរ។

លោកនាយការិយាល័យបន្តថា ជនសង្ស័យខាងលើទី១ ឈ្មោះ ផាល់ ភីមមន្ថា ភេទស្រី អាយុ១៥ឆ្នាំ ជាអ្នកបម្រើការងារមេផ្ទះ ស្នាក់នៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង, ទី២ឈ្មោះ ផាល់ ផាត់ឡាដា ភេទស្រី អាយុ១៧ឆ្នាំបងស្រីបង្កើតមានមុខរបរជាជាងអ៊ុតសក់ និងទី៣ឈ្មោះ ណារិទ្ធ ចាន់ឧត្តម ភេទប្រុស អាយុ២០ឆ្នាំមានមុខរបរជាកម្មករសំណង់ ត្រូវជាជាប្តីឈ្មោះ ផាល់ ផាត់ឡាដា អ្នកទាំងពីរ ស្នាក់នៅភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ។

លោកបន្តថាក្រោយកម្លាំងជំនាញស្រាវជ្រាវ និងក្តាប់គោលដៅមុខសញ្ញាកម្លាំងជំនាញបានសួរចម្លើយជនសង្ស័យរហូតមានការបំភ្លឺរាយការទៅលោកស្នងការស្នងការងនគរបាលខេត្ត និងព្រះរាជអាជ្ញាស្នើសុំគោលការណ៍ ឈានដល់ការចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី ។

នៅរសៀលថ្ងៃព្រហស្បតិ៍ ៣ កើត ខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជូនក្រុមជនសង្ស័យទាំង៣នាក់ទៅកាន់ពន្ធនាគារតាមដីកាបង្គាប់បញ្ជាឲ្យឃុំខ្លួនរបស់តុលាការ ៕ ជីវ័ន្ត


ចែករំលែក៖