កន្លងមកថ្មីៗក្រុមហ៊ុន ធំៗនៅអឺរ៉ុប មួយចំនួនបានបង្ហាញក្តីបារម្ភ ពីហានិភ័យ កើតឡើង នៅពេលដែលបានបណ្តាក់ទុនកាន់តែច្រើននៅក្នុងប្រទេសអីុរ៉ង់ ហើយ ត្រូវអាមេរិកដាក់ទណ្ឌកម្ម ជាថ្មីបន្តទៀត នោះ ។ ក្រុមហ៊ុនមួយចំនួនក៏បាន លុបចោលគម្រោងមានទឹកប្រាក់រាប់ពាន់លាន ដុល្លារនៅក្នុងប្រទេសអីុរ៉ង់ ក្នុងនោះមានក្រុមហ៊ុនប្រេងបារាំងតូតាល់ បានប្រកាសលុបគម្រោងរកឧស្ម័ននៅអុីរ៉ង់ ដែលមាន ទឹកប្រាស់ជាង២ពាន់លានដុល្លារ។
ដើម្បីទប់ស្កាត់ហេតុការណ៍អាក្រក់កើតឡើងជាយថាហេតុប៉ះពាល់ដល់សេដ្ឋកិច្ច វិនិយោគនោះ គណៈកម្មការអឺរ៉ុប បានចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី ១៨ខែឧសភា នេះនូវ “ច្បាប់បិទខ្ទប់” ដើម្បី ពង្វាងទណ្ឌកម្មអាមេរិក កុំឱ្យជះឥទ្ធិពល មកលើក្រុមហ៊ុនអឺរ៉ុប ដែលចង់ទៅធ្វើវិនិ យោគនៅអុីរ៉ង់។
ច្បាប់បិទខ្ទប់របស់អឺរ៉ុបនេះត្រូវបាន បង្កើតឡើងកាលពីឆ្នាំ១៩៩៦ ដើម្បីជួយ អឺរ៉ុបឱ្យគេចផុតពីការដាក់ទណ្ឌកម្មរបស់អាមេរិកលើគុយបា។ ប៉ុន្តែច្បាប់នេះ មិនដែលត្រូវបានយកមកអនុវត្តប្រើសោះ ព្រោះអឺរ៉ុបនិងអាមេរិកអាចដោះស្រាយវិបត្តិនោះបានតាមផ្លូវនយោបាយ។
នៅថ្ងៃនេះ គណៈកម្មការអឺរ៉ុប បាន គាស់រើយកច្បាប់ចាស់នេះ មកកែសម្រួល ឡើងវិញ ដោយសង្ឃឹមថានឹងដាក់ឱ្យបាននៅថ្ងៃទី៦ ខែសីហា នៅពេលដែលទណ្ឌ កម្មអាមេរិក ចាប់មានសុពលភាពជាថ្មី ឡើងវិញ។ នេះបើតាមការពន្យល់របស់ សហភាពអឺរ៉ុប ក្នុងសេចក្តីថ្លែងការណ៍ ក្រោយជំនួបកំពូលអឺរ៉ុបនៅទីក្រុងSofia ដែលបានទទួលការគាំទ្រជាឯកច្ឆន្ទពីសំណាក់សមាជិកអឺរ៉ុបទាំងអស់។
ការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់របស់សហរដ្ឋអាមេរិក មានន័យថាអាមេរិកត្រលប់មកដាក់ទណ្ឌកម្មអុីរ៉ង់ វិញដែរ។ ប៉ុន្តែសម្រាប់ អឺរ៉ុបនិងភាគីហត្ថលេខីផ្សេងនៅតែបន្តគោរពកិច្ចព្រមព្រៀងនេះដដែល និងយល់ថាការលើកទណ្ឌកម្មសេដ្ឋកិច្ច ជាចំណែកមួយនៃភាពរស់រាន របស់កិច្ចព្រមព្រៀង។ ហេតុដូច្នេះហើយបានជាគណៈកម្មការអឺរ៉ុប ត្រូវតែរិះរក មធ្យោបាយកម្រិតផលប៉ះពាល់បណ្តាល មកពីទណ្ឌកម្មអាមេរិកមកលើក្រុមហ៊ុនអឺរ៉ុបផង និងចាត់វិធានការដើម្បីរក្សាកំណើន ពាណិជ្ជកម្មនិងទំនាក់ទំនងសេដ្ឋកិច្ចអឺរ៉ុប-អុីរ៉ង់ផង ដែលចាប់លូតលាស់ក្រោយការរកឃើញកិច្ចព្រមព្រៀង។
តាមរយៈច្បាប់ ដែលមានទិសដៅទៅ បិទខ្ទប់ ទណ្ឌកម្មអាមេរិកនេះ ក្រុមហ៊ុន សហគ្រាស និងតុលាការអឺរ៉ុប នឹងមិនស្ថិតនៅក្រោមវិធានផ្ទៃក្នុងស្តីពីទណ្ឌកម្មដាក់ដោយប្រទេសទីបីឡើយ ហើយក៏គ្មានតុលា ការអន្តរជាតិណាអាចមកកាត់ក្តី លើច្បាប់ដែលអនុវត្តតែក្នុងសហភាពអឺរ៉ុបឡើយ។សភាអឺរ៉ុបនិងរដ្ឋជាសមាជិកអឺរ៉ុប មាន ពេលពីរខែ សម្រាប់សម្រេចប្រឆាំងឬគាំទ្រវិធានការនេះ ដែលនឹងបង្អាក់ទៅវិញប្រសិនបើអឺរ៉ុបអាចរកឃើញដំណោះស្រាយតាមផ្លូវនយោបាយឃើញ៕ ម៉ែវ សាធី