ព័ត៌មានទាន់ហេតុការណ៍៖

កុមារកម្ពុជាពង្រឹងទេពកោសល្យផ្នែកកីឡាបាល់ទាត់តាមរយៈកម្មវិធី“Kick and Share”របស់អេសស៊ីជី

ចែករំលែក៖

ភ្នំពេញ៖ អេសស៊ីជី (SCG) បន្តបង្ហាញនូវសេចក្តីតាំងចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់កុមារកម្ពុជា ដែលចាប់អារម្មណ៍លើកីឡាបាល់ទាត់តាមរយៈកម្មវិធីហ្វឹកហាត់កីឡាបាល់ទាត់“Kick and Share” ។ កម្មវិធីនេះធ្វើឡើងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ដោយមានកុមារប្រមាណ៣០០នាក់ បានចូលរួមនៅក្នុងវគ្គហ្វឹកហាត់នៅឯទីលានបាល់ទាត់ក្លឹបភ្នំពេញក្រោន ជាមួយនឹងការជួយណែនាំពីសំណាក់កំពូលកីឡាករកម្ពុជា ដូចជា លោកអន ចាន់ ប៉ូលីន សឿត បារាំង និងអ៊ុក សុវណ្ណ ។

អេសស៊ីជី ដែលជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន បានជួយគាំទ្រជាហូរហែរដល់ការអភិវឌ្ឍន៍កុមារកម្ពុជា ដែលអាចក្លាយជាតារាបាល់ទាត់នៅថ្ងៃអនាគត ក៏ដូចជាជួយជំរុញដល់យុវជនទូទាំងប្រទេសឲ្យចំណាយពេលទំនេរចូលរួមនៅក្នុងសកម្មភាពវិជ្ជមាន ។

លោកវ៉ារុតតេចាសុផាតគុល (Varut Techasupatkul) ប្រធានផ្នែកម៉ាកយីហោ និងទីផ្សាររបស់ក្រុមហ៊ុនអេសស៊ីជីមានប្រសាសន៍ថា៖“ព្រឹត្តិការណ៍នាថ្ងៃនេះបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្ត និងសេចក្តីតាំងចិត្តរបស់យើងក្នុងការធ្វើជាក្រុមហ៊ុនដ៏ល្អនៅក្នុងសហគមន៍ ដែលយើងធ្វើប្រតិបត្តិការអាជីវកម្មតាមរយៈការជួយបង្កើនឱកាសដល់កុមារកម្ពុជា ដែលមានចំណាប់អារម្មណ៍ក្នុងការពង្រឹងទេពកោសល្យផ្នែកកីឡាបាល់ទាត់របស់ខ្លួនហើយ ដែលសង្ឃឹមចង់សម្រេចក្តីសុបិនរបស់ខ្លួនក្នុងការក្លាយជាកីឡាករបាល់ទាត់អាជីព” ។

កីឡាបាល់ទាត់ជាកីឡាមានការពេញនិយមទូទាំងតំបន់ហើយជាកីឡា ដែលមានប្រជាជនកម្ពុជារាប់លាននាក់លេង និងចូលចិត្តទស្សនា ។ ក្រុមហ៊ុនអេសស៊ីជីបានបង្កើតនូវកម្មវិធីឧបត្ថម្ភជាច្រើនសម្រាប់ការអភិវឌ្ឍកីឡាបាល់ទាត់នៅកម្ពុជាដូចជាការឧបត្ថម្ភដល់ក្រុមកីឡាករជម្រើសជាតិ និងការរៀបចំការប្រកួតលក្ខណៈមិត្តភាពរវាងក្រុមកីឡាករចម្រុះK-Cement All Stars ដែលប្រមូលផ្ដុំទៅដោយកីឡាករប្រចាំក្លឹបនៅកម្ពុជាជាមួយនឹងក្លឹបបាល់ទាត់SCG Muangthong United ដែលជាក្លឹបបាល់ទាត់ឈានមុខគេរបស់ប្រទេសថៃ ។ កាលពីឆ្នាំមុនកីឡាករបាល់ទាត់មកពីក្លឹបSCG Muangthong United បានចំណាយពេលវេលាដ៏មមាញឹកមកជួយបណ្ដុះបណ្ដាលកុមារកម្ពុជារាប់រយនាក់នៅឯពហុកីឡាដ្ឋានអូឡាំពិកក្នុងរាជធានីភ្នំពេញ ដែលនេះជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់ក្លឹបបាល់ទាត់នេះក្នុងតំបន់អាស៊ាន ។

លោកវ៉ារុតតេចាសុផាតគុលបានបន្ថែមថា៖“ក្រុមហ៊ុនអេសស៊ីជីមានសេចក្តីតាំងចិត្តក្នុងការជួយផ្ដល់អត្ថប្រយោជន៍ផ្សេងៗដល់សង្គម ដែលយើងធ្វើការជាមួយ និងធ្វើប្រតិបត្តិការអាជីវកម្មហើយយើងមានជំនឿយ៉ាងមុតមាំថាកីឡា និងសកម្មភាពកម្សាន្តនានាគឺជាផ្នែកដ៏មានតម្លៃនៅក្នុងជីវិតរបស់យើងគ្រប់គ្នា ។ ដោយមូលហេតុនេះហើយទើបបានជាយើងបានផ្ដួចផ្ដើមនូវគម្រោងអភិវឌ្ឍន៍ធនធានមនុស្សជាច្រើនដើម្បីជួយបង្កើតអនាគតភ្លឺត្រចះត្រចង់ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបណ្ដាប្រទេស ដែលយើងធ្វើប្រតិបត្តិការអាជីវកម្មដោយរាប់បញ្ចូលទាំងប្រទេសកម្ពុជាផង ។ យើងសង្ឃឹមថាកម្មវិធី‘Kick and Share’ នេះនឹងបំផុសកុមារឲ្យចូលរួមកាន់តែច្រើនក្នុងសកម្មភាពកីឡាហើយក្លាយជាកីឡាករល្បីរបស់កម្ពុជាទៅថ្ងៃអនាគត” ។

កម្មវិធីហ្វឹកហាត់បាល់ទាត់“Kick and Share” គឺជាកិច្ចសហការរវាងក្រុមហ៊ុនអេសស៊ីជី និងក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលជាក្លឹបបាល់ទាត់ឈានមុខគេនៅកម្ពុជា ។ គ្រូបង្វឹក និងកីឡាកររបស់ក្លឹបបានជួយផ្ដល់នូវគន្លឹះ និងបច្ចេកទេសនានានៃការលេងបាល់ទាត់ដល់កុមារ ដែលបានចូលរួម ។ បន្ទាប់ពីការហ្វឹកហាត់ក្រុមហ៊ុនអេសស៊ីជី ក៏បានឧបត្ថម្ភសម្ភារកីឡាបាល់ទាត់ដល់កុមារដើម្បីជួយឲ្យពួកគេហ្វឹកហាត់នូវបច្ចេកទេសថ្មីៗនៅអំឡុងពេលទំនេរ ។

ក្រុមហ៊ុនអេសស៊ីជីបានអនុវត្តកម្មវិធីហ្វឹកហាត់បាល់ទាត់“Kick and Share” នេះជាច្រើនឆ្នាំមកហើយដោយក្នុងនោះកុមាររាប់រយនាក់មកពីទីកន្លែងផ្សេងៗនៅក្នុងប្រទេសកម្ពុជាដូចជានៅរាជធានីភ្នំពេញខេត្តស្វាយរៀង និងខេត្តកំពតជាដើមបានទទួលអត្ថប្រយោជន៍ពីវគ្គហ្វឹកហាត់នេះ ។ វគ្គហ្វឹកហាត់នេះជូយបំពេញបន្ថែមដល់គម្រោងផ្នែកអប់រំរបស់ក្រុមហ៊ុនអេសស៊ីជី ដែលបានផ្ដល់អាហារូបករណ៍ជាង៨០០កន្លែងដល់យុវជនកម្ពុជាតាមរយៈកម្មវិធីអាហារូបករណ៍“អេសស៊ីជីចែករំលែកក្តីសុបិន” ។

គម្រោងទាំងពីរនេះជាតឹកតាងបង្ហាញអំពីសេចក្តីប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនអេសស៊ីជីក្នុងការជួយអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីកន្លែង ដែលមានប្រតិបត្តិការរបស់ក្រុមហ៊ុនហើយ ក៏បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះយុវជន ដែលដើរតួនាទីសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា ៕ វឌ្ឍនា

 


ចែករំលែក៖