ព័ត៌មានទាន់ហេតុការណ៍៖

យុវជនជើងខ្លាំងមួយក្រុមចូលកាប់ឪពុកកូនគេ២នាក់របួសធ្ងន់ ច្រឡំថាម្ចាស់ឆ្កែ

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ ឪពុក និងកូន២នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែក្រុមជនដៃដល់មានគ្នាជិត១០នាក់ ប្រដាប់ដោយដាវ បំពង់ទីប ចូលកាប់ប៉ុងប៉ងសម្លាប់ដល់ក្នុងផ្ទះដែលយល់ច្រឡំថាជាម្ចាស់ឆ្កែ ដែលខាំប្អូនរបស់ពួកគេកាលពីវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្រោយធ្វើសកម្មភាពរួចហើយនោះក្រុមជនដៃដល់ បានព្យាយាមរត់គេចខ្លួន តែត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យ តាមឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៥នាក់។

ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ អ៊ឹម ចាន់ថន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរបើកបររថយន្ត រីឯឪពុករបួសដៃខាងស្តាំ៣កន្លែង រយះម្រាមដៃឆ្វេង និងឈ្មោះ អ៊ឹម ផានិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិសិ្សត ត្រូវជាកូនរបួសដាច់ថ្ពាល់ខាងឆ្វេងស្មាស្តាំ ប្រអប់ដៃខាងឆ្វេងដៃខាងស្តាំ២កន្លែង កំពុងសម្រាកព្យាបាលនៅក្លីនិកឡាំប៊ុនថន។

ចំណែកជនដៃដល់ទាំង៥នាក់ នោះរួមមានទី១៖ ឈ្មោះ ថាញ់ ញ៉ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ, ទី២៖ ឈ្មោះ គីម ជី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់បុកល្ហុង, ទី៣៖ ឈ្មោះ សេង កាត់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ប្រហិត «របួសពោះខាងស្តាំ», ទី៤៖ ឈ្មោះ សេង ស៊ីថន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់បបរ និងទី៥៖ ឈ្មោះ គីម យី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់បុកល្ហុង របួសដាច់ម្រាមដៃ៣ខាងឆ្វេង រយៈក្បាល កំពុងសម្រាកព្យាបាលនៅពហុព្យាបាលចោមចៅ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីនគរបាល បានឱ្យដឹងថា កាលពី២ថ្ងៃមុនប្អូនរបស់បក្ខពួកក្រុមជនដៃដល់បានរត់លេងនៅមុខផ្ទះរបស់ជនរងគ្រោះពេលនោះក៏ត្រូវឆ្កែមួយក្បាល បានស្ទុះទៅខាំក្មេងនោះ បន្ទាប់ត្រូវក្រុមជនដៃដល់បានទៅសួរនាំជនរងគ្រោះថាឱ្យមើលឆ្កែផង។ ប៉ុន្តែជនរងគ្រោះបានឆ្លើយតបទៅវិញថាឆ្កែនោះ មិនមែនជាឆ្កែរបស់ខ្លូនទេ បន្ទាប់មកភាគីទាំង២ ក៏បានឈ្លោះប្រកែកគ្នាមួយស្របក់ បន្ទាប់មកនោះម្តាយក្មេងរបស់ភាគី ខាងរងគ្រោះបានឆ្លើយថា កុំ​​ឱ្យពិបាកចាំខ្ញុំចេញថ្លៃព្យាបាលឱ្យ។

ខណៈពេលនោះក្រុមជនបង្ក បានឆ្លើយថា (មិបាច់យកលុយមិនបាច់អីទេ លែងចង់បានលុយហើយ) លុះមកដល់ម៉ោងថ្ងៃកើតហេតុ ខណៈដែលជនរងគ្រោះកំពុងមើលទូរទស្សន៍ ស្រាប់តែក្រុមជនបង្កបានហៅបក្ខពួកគ្នាជិត១០នាក់ ចូលទៅកាប់ជនរងគ្រោះទាំង២នាក់ ឪពុក និងកូនបណ្តាលឱរងធ្ងន់តែម្តង។ ភ្លាមៗនោះក្រុមជនបង្កត្រូវនគរបានតាមចាប់បានជាបន្តបន្ទាប់បានចំនួន៥នាក់ និងដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ កាំបិតប៉័ងតោ១ដើម, ដាវ១មួយដើម ដែកទីបមូល១ដើម, ម៉ូតូជាប់រទេះសម្រាប់អូសលក់ ដូរ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ សុខាសែនជ័យ

 


ចែករំលែក៖