ភ្នំពេញ៖ តារាចម្រៀង ប៊ុត សីហាបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយតារាចម្រៀងមួយចំនួនទៀតនៅសាលា ដាច់ស្រយាលមួយនាតំបន់ខ្នងភ្នំគិរីរម្យ ។ ការងារចុះជួយសាលា និងសួរសុខទុក្ខ កុមារនៅទីនេះបានធ្វើឲ្យតារាចម្រៀងរូបនេះ សប្បាយចិត្តជាខ្លាំងនឹងអនុស្សាវរីយ៍មិនអាចបំភ្លេចបានជាច្រើន ។
ដូចតាមការគ្រោងទុកកាលពីថ្ងៃទី១៩ ខែឧសភា ម្ចាស់ពាន The Voice Cambodia លោក ប៊ុត សីហា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញានាងគន្ធា, និងលោកនាងប្រាក់សុគន្ធ បានជួបជុំសំណេះសំណាលសាកសួរសុខទុក្ខ និងរួមគ្នាធ្វើសកម្មភាពសង្គមមួយចំនួនទៀតជាមួយក្មេងៗនៅសាលាដូងស្ថិតនៅលើភ្នំគិរីរម្យ ។ កិច្ចការសង្គមនេះ ត្រូវបានរៀបចំផ្តួចផ្តើមឡើងដោយអង្គការ IKARE និងក្រោមការចូលរួមស្ម័គ្រចិត្ត និងបរិច្ចាគថវិកាផ្ទាល់ខ្លួនពីសំណាក់សិល្បករដើម្បីសម្រួលទុក្ខលំបាករបស់ក្មេងៗដែលរស់នៅតំបន់នោះ ។
លោក ប៊ុត សីហាដែលបានធ្វើដំណើរលើកដំបូងទៅកាន់ទីនោះបានលើកឡើងពីអារម្មណ៍រំភើបចិត្ត ក្រោយបានចូលរួមសកម្មភាពសង្គមទាំងការរៀបចំលាបថ្នាំសាលា ការសម្អាតបរិស្ថាន ផ្តល់ជាសម្ភារៈសិក្សា អាហារ និងច្រៀងជូនដល់កុមារទាំងអស់បានស្តាប់កម្សាន្ត ។ លោកថាសកម្មភាពនេះកាន់តែធ្វើឲ្យលោកស្រឡះចិត្តហើយក៏នៅតែចិញ្ចឹមចិត្តបន្តជួយដល់កិច្ចការងារសង្គមមួយនេះបន្ត ។
គួរបញ្ជាក់ដែរថាសាលាដូងគឺជាសាលាដែលបង្កើតឡើងដោយការប្រមូលសម្រាមពិសេសដបទឹកដែលគេបោះចោលយកមរួមគ្នាធ្វើជាសាលាមួយឡើងហើយសាលានេះបច្ចុប្បន្នមានសិស្សសរុប៦៨នាក់ ដែលពួកគេជាក្មេងរបស់អ្នករស់នៅតំបន់នោះដែលទទួលបានការបណ្តុះបណ្តាលលើជំនាញកុំព្យូទ័រភាសាខ្មែរគណិតវិទ្យាភាសាអង់គ្លេសជាដើមដែលសូម្បីតែគ្រូបង្រៀន ក៏ជាគ្រូដែលស្ម័គ្រចិត្តចុះទៅបង្រៀនផងដែរ៕ វឌ្ឍនា