ក្រុម Inter Milan របស់អុីតាលីបានដណ្តើមកៅអីចុងក្រោយនៃក្របខ័ណ្ឌ Champions League តាមរយៈការផ្តួលក្រុម Lazio ក្នុងលទ្ធផល ៣-២ នៅថ្ងៃចុងក្រោយនៃរដូវកាលនេះនាកីឡដ្ឋាន Stadio Olimpico កាលពីថ្ងៃរាត្រីថ្ងៃទី២០ ខែឧសភា។
ក្រុម Inter Milan ត្រូវតែឈ្នះដើម្បីកៅអីលេខ៤ពីក្រុម Lazio ដែលមានលទ្ធផលល្អជាងពីការជួបគ្នារវាងក្រុមទាំង២ និងត្រូវការត្រឹមតែស្មើគត់។ គ្រាប់បាល់នៅជិតបញ្ចប់ការប្រកួតពីសំណាក់ខ្សែប្រយុទ្ធ Mauro Icardi និងខ្សែបម្រើ Matias Vecino បានជួយឲ្យក្រុម Inter Milan វិលទៅកាន់ក្របខ័ណ្ឌកំពូលអឺរ៉ុបវិញជាលើកទី១ បើគិតចាប់តាំងពីរដូវកាលឆ្នាំ២០១១-២០១២ រួមជាមួយនឹងក្រុម Juventus, Napoli និង AS Roma។
ទាំងក្រុម Inter Milan និងក្រុម Lazio បានបញ្ចប់ដោយមាន៧២ពិន្ទុដូចគ្នា ប៉ុន្តែ Inter Milan បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៤ ខណៈក្រុម Lazio ឈរចំណាត់ថ្នាក់លេខ៥ ដោយដេញតាមពីក្រោយក្រុម Roma ចំនួន៥ពិន្ទុ ។ ក្រុម Lazio នឹងត្រូវទៅលេងក្នុងក្របខ័ណ្ឌ Europa League រួមជាមួយនឹងក្រុម AC Milan ដែលបានឈ្នះកៅអីទៅលេងក្នុងវគ្គចែកពូលនៃក្របខ័ណ្ឌមួយនេះដោយស្វ័យប្រវត្តិ ក្រោយពីបានយកឈ្នះលើក្រុម Fiorentina ក្នុងលទ្ធផល ៥-១។
សូមបញ្ជាក់ថា សម្រាប់កៅអីក្របខ័ណ្ឌកំពូលអឺរ៉ុប Champions League នៅប្រទេសអុីតាលី តម្រូវឲ្យមាន៤ក្រុមត្រូវឡើងទៅប្រកួតវគ្គចែកពូលគឺក្រុមលេខ១(ម្ចាស់ជើងឯកលីកកំពូលអុីតាលី) លេខ២ លេខ៣ និងលេខ៤។ កៅអី Champions Leagueនេះដូចគ្នាទៅនឹង លីកកំពូលនៅអេស្ប៉ាញ អាល្លឺមង់ និងអង់គ្លេសដែរ។ ដោយឡែកនៅបារំាងមានតែ៣កៅអី, នៅព័រទុយហ្គាល់មាន២កៅអី នៅស្កុតឡេនមាន២កៅអី ៕ ដេវីត