ព័ត៌មានទាន់ហេតុការណ៍៖

ទើបភ្ជាប់ពាក្យបានមួយខែ ត្រូវរថយន្តដឹកស៊ីម៉ងក្រុមហ៊ុនCamel Cement កិនស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតបានរងរបួសស្រាល ខណៈជិះម៉ូតូឌុបគ្នា ក៏ត្រូវរថយន្តដឹកស៊ីម៉ងក្រុមហ៊ុនCamel Cement កិនស្លាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កើតទ្បើងនៅវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចមុខវត្តនន្ទមុនី ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សាកសពត្រូវបានស្គាល់ឈ្មោះ សាញ់ ភារិទ្ធ ភេទប្រុស ជនជាតិខ្មែរ អាយុ១៩ឆ្នាំ មុខរបរ ធ្វើការនៅរោងពុម្ភ ក្រដាស់ នៅម្តុំឃ្លាំងរំសេវ មានស្រុកកំណើតនៅភូមិ ពេជ្រចង្វារ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ។ និងជនរងគ្រោះទី២ ដែលរងរបួសស្រាល ឈ្មោះ សន សុថារ័ត្ន ភេទប្រុស ជនជាតិខ្មែរ អាយុ២២ឆ្នាំ មុខរបរ សន្តិសុខ ស្រុកកំណើត នៅភូមិពេជ្រចង្វារ ឃុំ ភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត (អ្នកទាំង២ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា) ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញយុវជន២នាក់ បានជិះម៉ូតូម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១០ ពណ៌ខ្មៅ មានស្លាក លេខកំពត1B.9727 ជិ:គ្នា២នាក់ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តមួយគ្រឿង មិនចាំម៉ាកបានបើកវ៉ាខាងស្តាំនឹងគៀម៉ូតូរងគ្រោះ បណ្ដាលឲ្យដួលចូលរថយន្តធុនធំមួយគ្រឿងទៀត ដឹកស៊ីម៉ងនិងដែកមានពណ៌លឿង ពាក់ស្លាកលេខកោះកុង3A.0038 របស់ក្រុមហ៊ុនCamel Cement ដែលបើកខាងឆ្វេងស្របទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូខ្ទាតចូលក្រោមរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង ។ ចំណែកអ្នកជិះពីក្រោយ ដែលត្រូវជាបងរងរបួសស្រាល ។ បន្ទាប់មកអ្នកបើករថយន្តឃើញសភាពការមិនស្រួល បានបើកទ្វារចុះរត់ចូលវត្តនន្ទមុនី គេចខ្លួនបាត់ស្រមោល ។

តាមសម្តីជនរងគ្រោះ ត្រូវជាបងជីដូនមួយ បានប្រាប់ឲ្យដឹងថា ពួកគាត់ទាំងពីរនាក់ បានជិះម៉ូតូទៅលេងបងប្អូននៅរោងចក្រកាណាឌីយ៉ា តាំងពីព្រលប់មកម៉្លេះ រហូតជិតម៉ោង៩ ជាងក៏នាំគ្នាត្រឡប់ទៅវិញ ក្នុងគោលបំណងទៅដេកកន្លែងធ្វើការនៅម្តុំឃ្លាំងរំសេវ លុះជិះមកដល់ចំណុចកើតហេតុ ក៏ជួបគ្រោះថ្នាក់តែម្តង ។

បងប្រុសសពបានបន្តទៀតថា ប្អូនប្រុសគាត់ទើបតែភ្ជាប់ពាក្យបានរយះពេលមួយខែ នៅខ្វះតែ២ខែទៀត រូបគេនឹងរៀបការ តែដល់ពេលនេះបានស្លាប់បាត់បង់ជីវិតទៅហើយ ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចទាក់ទងជំនាញមកវាស់វែង និងយករថយន្ត ព្រមទាំងម៉ូតូទៅរក្សារទុក ដើម្បីរងចាំដោះស្រាយគ្នាតាមក្រោយ។ ចំណែកឯសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស តារា


ចែករំលែក៖