មន្ត្រីសុខាភិបាលនៅរដ្ឋ Kerala ប្រទេសឥណ្ឌាភាគខាងត្បូងបានប្រកាសថា មនុស្ស៩ នាក់បានស្លាប់ នៅក្នុងការអះអាង និងសង្ស័យថា បណ្តាលមកពីករណីឆ្លងវីរុស Nipah ។
ជនរងគ្រោះ៣នាក់បានធ្វើតេស្តរកឃើញវិជ្ជមាននៃជំងឺវីរុសNipah ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ។ រីឯការធ្វើតេស្តប្រាំមួយករណីទៀតដែលនៅសល់នោះ នឹងចេញលទ្ធផលនៅថ្ងៃចន្ទ ។
មន្រ្តីបានឲ្យដឹងថា អ្នកជំងឺម្ភៃប្រាំនាក់ផ្សេងទៀតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាមួយនឹងរោគសញ្ញាឆ្លងមេរោគ Nipahនេះ នៅក្នុងតំបន់ Kozhikode។
វីរុស Nipah ជាមេរោគដែលអាចឆ្លងពីសត្វ ទៅលើមនុស្ស ។
មិនទាន់មានវ៉ាក់សាំងសម្រាប់ចាក់ការពារវីរុសប្រភេទនេះនៅឡើយទេ ខណៈដែលអត្រាមរណភាព មានរហូតដល់៧០ភាគរយ ។
វីរុស Nipah ក៏ស្ថិតនៅលើ “កំពូលតារាងបញ្ជី” នៃជំងឺអាទិភាពកាចសាហាវចំនួន១០ ដែលអង្គការសុខភាពពិភពលោកបានកំណត់ថា មានសក្តានុពលផ្ទុះឡើង ហើយឆ្លងរាលដាលទ្រង់ទ្រាយធំផងដែរ។
លេខាធិការមន្ទីរសុខាភិបាល រដ្ឋ Kerala លោក Rajeev Sadanandan បានប្រាប់ BBC ថា គិលានុបដ្ឋាយិកាម្នាក់ដែលបានព្យាបាលអ្នកជំងឺក៏បានបាត់បង់ជីវិត ។
លោកRajeev Sadanandanបានថ្លែងថា “យើងបានបញ្ជូនសំណាកឈាម និងសារធាតុរាវដែលជាភស្តុតាងនៃករណីសង្ស័យទាំងអស់ទៅកាន់វិទ្យាស្ថានពេទ្យ Virology នៅ Pune ដើម្បីស្វែងរកការបញ្ជាក់ច្បាស់លាស់ពីវីរុសនេះ ហើយរហូតមកដល់ពេលនេះ យើងទទួលបានបញ្ជាក់ថា ចំនួនអ្នកស្លាប់មាន៣នាក់ ដោយសារតែវីរុស Nipahនេះ” ។
បច្ចុប្បន្ននេះយើងផ្តោតលើការប្រុងប្រយ័ត្នទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ចាប់តាំងពីអ្នកព្យាបាល រហូតដល់អ្នកថែទាំអ្នកជំងឺ ។
ផ្លែឈើដែលសត្វប្រចៀវស៊ីហើយ ជាប្រភពនៃជម្រកស្នាក់នៅរបស់វីរុស Nipahនេះ ។
មន្ត្រីសុខាភិបាលឥណ្ឌាបានថ្លែងថា បានរកឃើញផ្លែស្វាយមួយផ្លែ ដែលសត្វប្រចៀវខាំស៊ីហើយនៅក្នុងផ្ទះមួយកន្លែង មនុស្ស៣នាក់ស្លាប់ ដោយសារសង្ស័យថា មានជំងឺNipah នេះ ។
តើវីរុស Nipah គឺជាអ្វី?
ការឆ្លងមេរោគវីរុស Nipah (NiV) គឺជាជំងឺថ្មីដែលអាចចម្លងពីសត្វ ទៅលើមនុស្ស ។ វីរុសនេះ មានជម្រកនៅក្នុងផ្លែឈើដែលសត្វប្រចៀវស៊ី ឬខាំ ។
ការឆ្លងមេរោគនេះ បានរកឃើញជាលើកដំបូងនៅឆ្នាំ១៩៩៩ ក្នុងពេលមានជំងឺរលាកខួរក្បាល និងជំងឺផ្លូវដង្ហើម ក្នុងចំណោមកសិករចិញ្ចឹមជ្រូក និងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយសត្វជ្រូក នៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។
នៅពេលនោះ មានករណីឆ្លងវីរុសនេះកើតឡើងជិត៣០០ករណី និងបានបណ្តាលឲ្យស្លាប់ជាង១០០នាក់។ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវវីរុសនេះ កាលណោះសត្វជ្រូកជាង១លានក្បាលត្រូវកាប់សម្លាប់ចោល ធ្វើឱ្យខាតបង់ពាណិជ្ជកម្មយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសម៉ាឡេស៊ី ។
ការឆ្លងមេរោគ Nipah អាចការពារបាន ដោយការជៀសវាងប៉ះពាល់នឹងសត្វជ្រូក ដែលមានជំងឺ និងសត្វពាហនៈនៅតំបន់ដែលឆ្លងវីរុសកើតឡើង និងមិនផឹកទឹកដោះគោឆៅ ។
រោគសញ្ញានៃការឆ្លងមេរោគនេះ រួមមានគ្រុនក្ដៅ ឈឺក្បាល ងងុយដេក ជំងឺផ្លូវដង្ហើម វង្វេងវង្វាន់ និងការភ័ន្តច្រឡំ ភ្លេចភ្លាំងផ្លូវចិត្ត ។ សញ្ញា ឬរោគសញ្ញាបែបនេះអាចវិវត្តទៅរកការដួលសន្លប់ក្នុងរយៈពេល ២៤ទៅ៤៨ម៉ោងប៉ុណ្ណោះ ។
មិនទាន់មានវ៉ាក់សាំងការពារសម្រាប់មនុស្ស ឬសត្វដើម្បីបញ្ចៀសបានពីវីរុស Nipahនេះ នៅឡើយទេ ។ នេះបើតាមប្រភពពីអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលការពារ និងការពារជំងឺ ៕ ថាច់ យ៉ាត