ក្រោយអាមេរិកដកខ្លួនចេញពិកិច្ចព្រមព្រៀងនុយក្លេអ៊េរអីុរ៉ង់ ប្រទេសនៅតំបន់ អឺរ៉ុបមានក្តីបារម្ភយ៉ាងខ្លាំងដោយក្រុមហ៊ុនអឺរ៉ុបមួយចំនួនធំបានទៅវិនិយោគ នៅក្នុង ប្រទេសអុីរ៉ង់ ។ ទាំងនោះហើយបានជា អឺរ៉ុបខិតខំដើម្បីបន្តកិច្ចព្រមព្រៀង ជាមួយ អុីរ៉ង់ និងដើម្បីរក្សាក្រុមហ៊ុនអឺរ៉ុបបន្តរកសុីជាមួយអុីរ៉ង់។
បើទោះបីមានការខិតខំប្រឹងប្រែងរបស់អឺរ៉ុប ក៏ដោយក៏ក្រុមអ្នកវិនិយោគពិបាកក្នុងការសម្រេចចិត្ត បន្តសកម្មភាពវិនិយោគនៅក្នុងប្រទេសអុីរ៉ង់ ដោយខ្លាចមានហា និភ័យកើតឡើងគ្រប់ពេលមិនអាចដឹងជាមុននោះឡើយ ។ ការដែលអាមេរិកដក ខ្លួនចេញ មានន័យថា អាមេរិក មានផែនការរួចជាស្រេចនៅក្នុងប្រទេសអុីរ៉ង់ ។ កន្លងមកក្រុមហ៊ុនប្រេង តូតាល់របស់បារាំងក៏បានប្រកាសដកខ្លួនចេញពីកិច្ចព្រម ព្រៀង លើវិស័យប្រេងមានតម្លៃជាង ២ពាន់លានដុល្លារអាមេរិកផងដែរ។
ប៉ុន្តែក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា វិធានការទាំងអម្បាលម៉ាន មិនប្រាកដថាអាចធ្វើឲ្យក្រុមហ៊ុនអឺរ៉ុប ទាំង អស់ មានការស្ងប់ចិត្ត អាចបន្តរកស៊ី នៅ អុីរ៉ង់ ទៀតបានទេ។ ការគំរាមដាក់ទណ្ឌ កម្មពីសំណាក់រដ្ឋាភិបាលអាមេរិក បានធ្វើ ឲ្យពួកគេព្រួយបារម្ភណាស់។ មានក្រុម ហ៊ុនមួយចំនួន នៅតែមិនស្ងប់ចិត្តដដែល ដោយបានប្រកាសថា គេអាចលុបចោល គម្រោងរកស៊ីនៅអុីរ៉ង់ ដូចជាការក្រុមហ៊ុន តូតាល់ ជាដើម។
បើគិតចាប់ពីខែកក្កដា ឆ្នាំ២០១៥ នៅពេលកិច្ចព្រមព្រៀងបានចូលជាធរមាន ក្រុមហ៊ុនអឺរ៉ុបជាច្រើន បាននាំគ្នាទៅរក ស៊ីនៅអុីរ៉ង់។ ប្រទេសដែលមានក្រុមហ៊ុន ទៅរកស៊ីនៅអុីរ៉ង់ ច្រើនជាងគេ គឺមាន បារាំង អង់គ្លេស អាល្លឺម៉ង់ អុីតាលី និងអេ ស្ប៉ាញជាដើម។ បើគិតជាសរុប ការដោះ ដូរពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប នឹង អុីរ៉ង់ មានប្រាក់ប្រមាណ ២ម៉ឺនលានអឺរ៉ូ។ អុីរ៉ង់ ទិញទំនិញអឺរ៉ុប ក្នុងទឹកប្រាក់ ១ម៉ឺន លានអឺរ៉ូ រីឯអឺរ៉ុបវិញក៏ទិញទំនិញពីអុីរ៉ង់ ក្នុងទឹកប្រាក់ស្មើគ្នាដែរ។ គ្រាន់តែការនាំ ចូលប្រេង ដែលអឺរ៉ុបទិញពីអុីរ៉ង់ គឺមាន តម្លៃ ៩ពាន់លានអឺរ៉ូទៅហើយ។
ចាប់តាំងពីបើកទ្វារសេដ្ឋកិច្ចមក អុីរ៉ង់ ផលិតប្រេងឆៅ បានប្រមាណជា៣,៨ លានបារ៉ែល ក្នុងមួយថ្ងៃ ដែលក្នុងនេះ ៧០%បញ្ជូនទៅចិន និងតំបន់អាស៊ីយើង ហើយប្រមាណ២០% នាំចេញទៅអឺរ៉ុប។ កាលពីក្នុងពេលជាប់ទណ្ឌកម្មសេដ្ឋកិច្ច អន្តរជាតិ មុនមានកិច្ចព្រមព្រៀងនុយក្លេ អ៊ែរ អុីរ៉ង់នាំចេញប្រេង បានតែប្រមាណ ១លានបារ៉ែលប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
ដូច្នេះ ជាមួយនឹងការគំរាមដាក់ទណ្ឌ កម្ម ពីសំណាក់អាមេរិក ក្រុមហ៊ុនខ្លះ អាច នឹងឈប់ទិញប្រេងអុីរ៉ង់។ ក្រុមហ៊ុនខ្លះបាន លើកឡើងថា ចង់ចាកចេញពីអុីរ៉ង់ ឬគេ ចេញពីទីផ្សារអុីរ៉ង់។ ជាក់ស្តែង គឺក្រុមហ៊ុន តូតាល់ របស់បារាំង ដែលបានប្រកាសថា កំពុងពិចារណារឿងលក់គម្រោងស្ថាបនាអណ្តូងបូមយកឧស្ម័នធម្មជាតិនៅអុីរ៉ង់ ទៅ ឲ្យក្រុមហ៊ុនចិន ឬមួយក៏បោះបង់ គម្រោង នេះចោលតែម្តង។ គម្រោងនេះ ជាគម្រោង ធំបំផុត ហើយមានតម្លៃជានិមិត្តរូបធំ ណាស់ សម្រាប់រដ្ឋាភិបាលអុីរ៉ង់ ក្នុងក្រប ខ័ណ្ឌជោគជ័យនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ បើគម្រោងនេះលុបចោលវិញ បូក បន្ថែម នឹងការនាំចេញប្រេង ត្រូវធ្លាក់ចុះ ទៀត គឺមានន័យថា អុីរ៉ង់ អាចបាក់ទឹកចិត្ត ខ្លាំង។
កន្លងមកថ្មីៗ សហភាពអឺរ៉ុប បានបញ្ជូនតំណាងម្នាក់ឲ្យទៅទីក្រុងតេអេរ៉ង់ ប្រទេស អុីរ៉ង់។ បំណងនៃការធ្វើដំណើរនេះ គឺដើម្បី ធានាអះអាង ប្រាប់ថ្នាក់ដឹកនាំអុីរ៉ង់ អំពីការតាំងចិត្តប្តេជ្ញារបស់សហភាពអឺរ៉ុប ក្នុងការការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ព្រមទាំងការសហការគ្នារវាងប្រទេសសមាជិកអឺរ៉ុប ដើម្បីទប់ទល់ នឹងទណ្ឌកម្មសេដ្ឋកិច្ច ដែលអាមេរិកអាចនឹងអនុវត្តមកលើអុីរ៉ង់ និង ក្រុមហ៊ុនដែលរកស៊ីជាមួយអុីរ៉ង់។ តំណាង សហភាពអឺរ៉ុប នឹងយកឱកាសនេះដើម្បីធ្វើបទបង្ហាញប្រាប់ថ្នាក់ដឹកនាំអុីរ៉ង់ថា វិធាន ការរបស់សហភាពអឺរ៉ុប មានអ្វីខ្លះ ដើម្បីបន្តបើកចំហសេដ្ឋកិច្ចជាមួយអុីរ៉ង់ ហើយចៀសចេញពីទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក។
តំណាងរបស់សហភាពអឺរ៉ុប លោក Miguel Arias Canete សមាជិកគណៈកម្ម ការអឺរ៉ុប ទទួលបន្ទុកផ្នែកកិច្ចការថាមពល បានទៅដល់ទីក្រុងតេអេរ៉ង់ នៅថ្ងៃសៅរ៍ទី ១៩ ខែឧសភា ។ អ្នកតំណាងសហភាព អឺរ៉ុបនេះ នឹងជួបជាមួយថ្នាក់ដឹកនាំអុីរ៉ង់ ចំនួន៥ផ្សេងៗពីគ្នា ដែលក្នុងនោះ មាន ដូចជា លោករដ្ឋមន្ត្រីក្រសួងការបរទេសអុីរ៉ង់, លោករដ្ឋមន្ត្រីក្រសួងថាមពលប្រេងកាត និងមន្ត្រីជាន់ខ្ពស់ អគ្គនាយកថាមពល នុយក្លេអ៊ែរ អុីរ៉ង់។
កម្មវត្ថុធំចម្បងបំផុត នៃដំណើរទៅដល់ របស់តំណាងសហភាពអឺរ៉ុប គឺទៅនិយាយ ប្រាប់ភាគីអុីរ៉ង់ថា សហភាពអឺរ៉ុប ដែលមាន ប្រទេសធំៗ ដូចជាបារាំង អង់គ្លេស អាល្លឺ ម៉ង់ ជាដើមហ្នឹង និងមិនបោះបង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ ហើយគឺគេប្តេជ្ញា អនុវត្តវាតទៅទៀត បើទោះបីអាមេរិក បានដកខ្លួនចេញក៏ដោយ។ ការដែល អាមេរិកដកខ្លួនចេញ គឺអាមេរិក នឹងដាក់ ទណ្ឌកម្មសេដ្ឋកិច្ចទៅលើអុីរ៉ង់ និងទៅលើ ក្រុមហ៊ុនណា ដែលហ៊ានរកស៊ី ជាមួយ អុីរ៉ង់។
ដូច្នេះពេលនេះ អ្វីដែលសហភាពអឺរ៉ុប ចង់អះអាងប្រាប់អុីរ៉ង់ គឺថា ទោះបីអាមេរិក គំរាមដាក់ទណ្ឌកម្មក៏ដោយ ក៏សហភាព អឺរ៉ុប ក៏ដូចជាក្រុមហ៊ុនរបស់អឺរ៉ុប នៅតែ បន្តរកស៊ីជាមួយអុីរ៉ង់ដែរ។ នៅក្នុងន័យនេះ គឺទាំងអុីរ៉ង់ ទាំងសហភាពអឺរ៉ុប នឹងបន្តអនុវត្តនូវអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ពោលគឺអុីរ៉ង់ បន្តផ្អាកចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូម ឯសហភាពអឺរ៉ុបវិញ បន្ត បើកចំហសេដ្ឋកិច្ច បោះទុនវិនិយោគ រកស៊ី ជាមួយអុីរ៉ង់ជាធម្មតា។ ក៏ប៉ុន្តែ ដើម្បីទប់ ទល់ជាមួយនឹងទណ្ឌកម្មរបស់អាមេរិក សហ ភាពអឺរ៉ុប ត្រូវតែបង្ខំចិត្ត ដាក់ចុះនូវវិធាន ការមួយចំនួន ហើយគឺវិធានការទាំង នោះហើយ ដែលលោកតំណាងសហភាព អឺរ៉ុប ត្រូវទៅនិយាយពន្យល់ភាគីអុីរ៉ង់ នៅ ក្នុងពេលនេះ៕ ម៉ែវ សាធី