ភ្នំពេញ ៖ ពិតជាគួរឲ្យសង្វេគណាស់ ខណៈឪពុកម្ដាយយំឱបសពកូនស្រី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តកុងតឺន័របុកស្លាប់ពេលកំពុងដើរឆ្លងផ្លូវជាមួយម្ដាយ ។
ហេតុការណ៍ដ៏គួរឲ្យសង្វេគនេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅក្បែនិងស្ថានីយ៍បូមទឹកបឹងទំពុន តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពក្មេងស្រីរងគ្រោះឈ្មោះ សាម ធីតា អាយុ៦ឆ្នាំ ជាសិស្សថ្នាក់ទី១ ស្នាក់នៅជាមួយឪពុកម្ដាយនៅបន្ទប់ជួលជិតកន្លែងកើតហេតុខាងលើ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ ក្មេងស្រីរងគ្រោះ រួមជាមួយម្ដាយរបស់គេ បានដើរឆ្លងផ្លូវ៣៧១ជាមួយគ្នា តែមិនដឹងថា ម្ដាយនាំកូនឆ្លងផ្លូវប្រហែសយ៉ាងមិចទេ ស្រាប់តែមានរថយន្តកុងតឺន័រដឹកដែកសរសៃ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-5205 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ហើយក៏បុកក្មេងស្រីរងគ្រោះខាងលើ បណ្ដាលឲ្យស្លាប់នៅនិងកន្លែងតែម្ដង ចំណែកឯម្ដាយពុំរងរបួសនោះទេ ។
ក្រោយកើតហេតុភ្លាមៗ រថយន្តបង្កបានព្យាយាមបើករត់ រហូតហូសពីកន្លែងកើតហេតុប្រហែល២០០ម៉ែត្រ ក៏ត្រូវបានប្រជាពលរដ្ឋដេញឃាត់បានទាំងរថយន្តបង្ក និងតៃរថយន្ត រួចក៏បានប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានយកទៅកាន់ប៉ុស្ដិ៍៍បឹងទំពុន២ ដើម្បីសួរនាំផងដែរ ។ ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ។
ដោយឡែកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យឪពុកម្ដាយ ដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ