ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញ ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យច្បាប់ជាង ៣០០០នាក់ នៅមជ្ឍមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩៦ មកសម្តេចបានអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាលាច្បាប់ចំនួន ១៨លើកមកហើយ។ នេះមិនទាន់គិតពីការដែលសម្តេចទៅបង្រៀននិស្សិតនៅសាលានេះនៅឡើយទេ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងចាប់អារម្មណ៍ចំពោះបញ្ហាជញ្ជីង។ សម្តេចថ្លែងថា ជញ្ជីងនៅតាមទីផ្សារពេលខ្លះមិនមែនអ្នកលក់ស៊ីភ្នែកជញ្ជីងនោះទេ តែអាចបណ្តាលមកពីការផលិតជញ្ជីងមានលក្ខណៈខុសៗគ្នា។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនធានមនុស្សនៅកម្ពុជា នៅតែមិនទាន់ឆ្លើយតបចំពោះក្រុមហ៊ុននានានៅកម្ពុជា ដែលទាមទារឲ្យមានការជ្រើសរើសយកអ្នកជំនាញពីក្រៅប្រទេស។ ដូច្នេះតម្រូវការបណ្តុះបណ្តាលធនធាននៅតែជាបញ្ហាអាទិភាព។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសអាស៊ានដែលមានការលូតលាស់កំពុងយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ហើយការកាត់បន្ថយគម្លាតរវាងសមាជិកអាស៊ានចាស់ និងអាស៊ានថ្មី ក៏ត្រូវផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សនេះផងដែរ។

-សម្តេតេជោ បានបន្ថែមថា សម្រាប់នយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤នេះ គឺរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់លើសំណាញ់សុវត្ថិភាពសង្គម ដូចជាការផ្តល់សាច់ប្រាក់ដល់កម្មការិនី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាដើម នៅពេលពួកគេសម្រាលកូន។

-សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ពីដើមមានតែកម្ពុជាបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេស តែបច្ចុប្បន្នមានបរទេសជាច្រើនបានមករៀននៅតាម សាកលវិទ្យាល័យរបស់កម្ពុជាផងដែរ។ មានដូចជា បារាំង ចិន កូរ៉េ ជប៉ុន ម៉ារ៉ុក អង់គ្លេស ម៉ាលី និងអង់គ្លេសផងដែរ។

-សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា មូលហេតុដែលកម្ពុជាដើរចូលអាស៊ានបាន ដោយសារតែកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់។ សម្តេចថា លក្ខិណៈវិនិច្ឆ័យរបស់អាស៊ាន គឺសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។

-សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ប្រទេសទីម័រមិនទាន់អាចចូលជាសមាជិកអាស៊ានបាន ដោយសារតែប្រទេសមានធនធានមនុស្សមិនឆ្លើយតបតម្រូវការរបស់អាស៊ាន។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអប់រំនាពេលបច្ចុប្បន្នកំពុងតែបាញ់ឆ្ពោះទៅលើការអប់រំនៅតាមទីជនបទ ដោយដាក់ចេញគោលដៅភូមិមួយមានសាលាមួយ និងស្រុកមួយមានវិទ្យាល័យច្រើន និងខេត្តមួយត្រូវមានសាកលវិទ្យាល័យរដ្ឋមួយ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេច នៅតែយកការបណ្តុះបណ្តាល និងអប់រំជាមុំទី១ សម្រាប់នយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។

-សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា យុវជនសម័យសុខសន្តិភាពនេះមានឱកាសច្រើនណាស់ក្នុងការស្វែងរកការអប់រំ ខុសគ្នាឆ្ងាយពីយុវជនក្នុងសម័យសង្គ្រាមដែលគ្មានផ្លូវជ្រើសរើសនោះឡើយ ក្រៅតែពីការចូលបម្រើកងទ័ព។

-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យុវជនសម័យនេះមានឱកាសច្រើនណាស់ ដូច្នេះត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ហើយត្រូវប្រើប្រាស់ឱកាសក្នុងពេលមានសុខសន្តិភាពនេះឲ្យបានត្រឹមត្រូវ។

-សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទករថានៅវេលាម៉ោង៨៖៤៤នាទីព្រឹក៕ សិលា


ចែករំលែក៖