ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ឡានស្រាបៀរ TUBORG បុកឡានមន្ត្រីគយ និងមន្ត្រីប៉េអឹមនៅខេត្តព្រះសីហនុនោះ ជនរងគ្រោះបានស្លាប់ទាំងពីរនាក់ហើយ គឺមន្ត្រីគយបានស្លាប់នៅកន្លែងកើតហេតុ រីឯជនរងគ្រោះម្នាក់ទៀតជាមន្ត្រីកងរាជអាវុធហត្ថបានបាត់បង់ជីវិត ខណៈបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ។
សូមបញ្ជាក់ថា នៅវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៣-១៧៤ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្ត១គ្រឿងម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-2534 បើកបរដោយឈ្មោះ ឆេង សុខនី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកព្រៃនប់ និងអ្នករួមដំណើរម្នាក់ឈ្មោះ ញ៉ោម នៅ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាមន្ត្រីគយប្រចាំការនៅកំពង់ផែកែវផុស មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើ ក៏បានបុកនឹងរថយន្តធុនធំ១គ្រឿងពណ៌បៃតង រថយន្តស្រាបៀរ TUBORG ស្លាកលេខភ្នំពេញ3D-2056 សណ្តោងរ៉ឺម៉ក មានទិសដៅផ្ទុយគ្នា។
គ្រោះថ្នាក់នេះបណ្ដាលឲ្យ ឈ្មោះ ឆេង សុខនី រងរបួស ធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកលិគឹមឌីវាលរេញ ប៉ុន្តែពេលទៅដល់ក៏បានបាត់បង់ជីវិតនៅទីនេះ និងឈ្មោះ ញ៉ោម នៅ ស្លាប់នៅនឹងកន្លែងកើតហេតុ ។ អ្នកបើកបររថយន្តធុនធំ បានគេចខ្លួនបាត់ ក្រោយពេលកើតហេតុ ។
រថយន្តទាំង២គ្រឿងខូចខាតយ៉ាងដំណំ សមត្ថកិច្ចចាត់ចែងស្ទូចយកចេញពីកន្លែងកើតហេតុ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ៕ ឆ្លាម សមុទ្រ