ព័ត៌មានទាន់ហេតុការណ៍៖

បុរសសង្ស័យជាចោរលួចលុយនិងទូរស័ព្ទម្នាក់ត្រូវសមត្ថកិច្ចក្របួច

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឆន ស៊ុននៀន ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ថាមានចោរចូលលួចលុយអស់ចំនួន ១លាន ១០ម៉ឺនរៀល លុយបាតចំនួន ៦០០បាត និងទូរស័ព្ទដៃចំនួន ០២គ្រឿង ម៉ាក IPhone6 ចំនួន ០១គ្រឿង និងម៉ាក Nokia 1280 ចំនួន ០១គ្រឿង។

សមត្ថកិច្ចនគរបាលជំនាញក្រុងប៉ៃលិនបានឲ្យដឹងថា៖ ក្រោយពីបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ ជំនាញ ព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ក៏បានកំណត់មុខសញ្ញា និងឈានដល់ការឃាត់ជនសង្ស័យមកធ្វើការសាកសួរ ក្រោយពីការសាកសួរជនសង្ស័យឈ្មោះឈឿន វល័ក្ខ ហៅលីន ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរ និងទីលំនៅមិនពិតប្រាកដបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលលួចលុយពីជនរងគ្រោះដូចដែលបានដាក់ពាក្យបណ្ដឹងពិតប្រាកដមែន ។

បច្ចុប្បន្នកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីចាត់ការតាមនីតិវិធី ៕ ស សារ៉េត


ចែករំលែក៖