ខេត្តប៉ៃលិន៖ កាលពីថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី នៅក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន ចំនួន ១២៦នាក់ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បទាខេត្តប៉ៃលិន ដើម្បីអបអរសាទរ ខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា នៅក្នុងឱកាសនោះផងដែរ ក៍មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ មន្ទីរជំនាញជុំវិញខេត្តជាច្រើននាក់ផងដែរ។
លោក សាក់ សាមឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បទាខេត្តប៉ៃលិន បានអានសារលិខិតជូនពររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ជូនបងប្អូនអតីតយុទ្ធជន និងជនរួមជាតិបានជ្រួតជ្រាបពីគំរូវីរៈភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរៈយុទ្ធជន វីរៈយុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់រូបដែលធ្វើពលិកម្មយ៉ាងអង់អាចក្លាហានដោយសាច់ស្រស់ ដើម្បីបុព្វហេតុមាតុភូមិជាទីសេ្នហានៃយើង ។
មានមតិសំណេះសំណាលក្នុងអង្គពិធីនាឱកាសនោះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា៖ ការរៀបចំអបអរទិវាអតីតយុទ្ធជនកម្ពុជានាពេលនេះ គឺជាព្រឹត្តិការណ៍ជាតិដ៏សំខាន់មួយ សំដៅធ្វើឲ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនូវពលីកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបានចំពោះយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល ។
លោក បានមានប្រសាសន៍បន្តទៀតថា៖ ប្រទេសកម្ពុជាបានឆ្លងកាត់នូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ដែលបានបំផ្លិចបំផ្លាញសង្គមជាតិខ្ទេចខ្ទីដល់ឬសគល់ ព្រមទាំងបានបន្សល់ទុកនូវអតីតយុទ្ធជន ដែលជាជនពិការ និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលី មរណៈជាច្រើន ហើយចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាលបានគិតគូដល់សុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍមូលដ្ឋាន សម្ភារៈ ជីវភាព ការចុះសួរសុខទុក្ខដល់អង្គភាព ។
ដោយឡែកចំពោះអតីតយុទ្ធជន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់នូវការឧបត្ថម្ភគាំទ្រជាច្រើន និងបានកសាងផ្ទះជូនអតីតយុទ្ធជនក្រីក្រ តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជាបានរាប់រយខ្នងនៅតាមសហគមន៍ និងផ្តល់អំណោយសប្បុរសធម៌ដល់អតីតយុទ្ធជនជាច្រើនទៀត ។ ទន្ទឹមនឹងនោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធនានា បានផ្តល់អាទិភាពដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ។
លោក ផាន់ ចាន់ធុល បានមានប្រសាសន៍បញ្ជាក់ថា៖ ជាមួយនឹងសមិទ្ធិផលដ៏ធំធេងដែលសម្រេចបាន លើវិស័យសុខុមាលភាពអតីតយុទ្ធជន និងវឌ្ឍនភាព នៃសមាគមអតីតយុទ្ធជនយ៉ាងណាក៏ដោយ ក៏បងប្អូនអតីតយុទ្ធជននៅមានឧបសគ្គជាច្រើន តម្រូវឲ្យយើងត្រូវតែយកចិត្តទុកដាក់ ដោះស្រាយបញ្ហាទាំងនោះជាបន្តបន្ទាប់ ដោយបន្តពង្រឹង និងពង្រីកសេវាបណ្តុះបណ្តាលជំនាញ និងឥទានជាដើម ដើម្បីឲ្យបងប្អូនអតីតយុទ្ធជនទទួលបាននូវសមត្ថភាព និងលទ្ធភាព ដើម្បីអភិវឌ្ឍន៍ជីវភាពឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ។ ក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឧបត្ថម្ភថវិកាដល់អតីតយុទ្ធជន ចំនួន ១២៦នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិការ ចំនួន ២ម៉ឺនរៀល។
បើតាមរបាយការណ៍របស់លោក អ៊ិត ពេន អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បទាខេត្តប៉ៃលិន បច្ចុប្បន្ននេះ អតីតយុទ្ធជននៅខេត្តប៉ៃលិន មាន ចំនួន ១៣៣២ នាក់ ក្នុងនោះគ្រួសារពលី មានចំនួន ១៧៧គ្រួសារ ជនមរណៈមានចំនួន ៧១នាក់ ជនពិការមានចំនួន ៦៧៧នាក់ និវត្តន៍ជន មានចំនួន ៣៩១នាក់ និងជនបាត់បង់សម្បទាចំនួន ១៦នាក់ ៕ ស សរ៉េត