ភ្នំពេញៈ អគ្គិភ័យឆេះតូបលក់គ្រឿងដំណាប់ និងបង្អែមនៅក្រៅផ្សារច្បារអំពៅ ត្រូវបានសន្តិសុខផ្សារ ដែលដេកយាមនៅប៉ុស្តិ៍ជិតនោះ នាំគ្នាជួយគាស់តូប ដើម្បីពន្លត់ និងហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចតូបលេខ១៤២៣ លក់គ្រឿងដំណាប់ និងបង្អែមយីហោ លី ប៊ុនគ្រី ក្រៅផ្សារច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រធានផ្សារច្បារអំពៅ បានឲ្យដឹងថា មូលហេតុនៃអគ្គិភ័យនេះ បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីធ្វើឲ្យឆេះម៉ាស៊ីនកោសដូង ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកលក់ដូរខាងមុខផ្សារ ស្រែកឆោឡោហៅសន្តិសុខមកជួយគាស់តូបយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ។ ដោយសារអំណាចភ្លើងឆេះខ្លាំង ហើយក្រុមសន្តិសុខព្យាយាមយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់យ៉ាងណាក៏មិនរលត់ បានហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់អស់ចំនួន១គ្រឿង ទើបអំណាចភ្លើងបានរលត់ទៅវិញ ហើយក៏មិនឆេះរាលដាលដល់តូបដទៃទៀតនោះទេ។
ក្រោយកើតហេតុ ម្ចាស់តូបបានមករើអីវ៉ាន់ ដែលខូចខាតចេញ និងមិនទាន់ដឹងថា ខូចខាតគិតជាទឹកប្រាក់អស់តម្លៃប៉ុន្មាននោះទេ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានខែកន្លងទៅថ្មីៗនេះ ផ្សារច្បារអំពៅ បានរងការឆាបឆេះស្ទើរអស់ទាំងស្រុង ដោយការឆេះផ្ដើមចេញពីតូបខាងក្រៅផ្សារ ហើយរាលដាលយ៉ាងលឿនឆេះបំផ្លាញតូបប្រមាណជិត១០០០តូប គិតជាទឹកប្រាក់រាប់សិបម៉ឺនដុល្លារ ៕ ជ្រោយពេជ្រ