ភ្នំពេញ៖ តារាសម្តែង និង ចម្រៀងលោក ប៉ែន សារ៉ាវ ទទួលបានកូនស្រីលើកដំបូងដែលជាតំណក់ឈាមរួមគ្នារវាងលោក និង ភរិយា ។ តារារូបនេះលើកឡើងថា លោករហូតស្រក់ទឹកភ្នែកក្រោយទទួលដំណឹងថា កូនស្រីមានសុខភាពល្អ រីឯភរិយាក៏សុខសប្បាយ ។
លោក ប៉ែន សារ៉ាវ បានសម្រេចចិត្តចូលរោងការជាមួយគូស្នេហ៍ហើយកាលពីដើមឆ្នាំ២០១៨នេះ បន្ទាប់ពីស្វែងយល់ចិត្តគ្នាអស់ជាង១ឆ្នាំ ។ នារីដែលតារាចម្រៀងរូបនេះចូលរោងការជាមួយគឺមកពីខេត្តស្វាយរៀងដែលលោកថាជានារីសាមញ្ញាប៉ុន្តែពោរពេញដោយមន្តស្នេហ៍ និង មានអត្តចរិករួសរាយរាក់ទាក់ ។ ប៉ែន សារ៉ាវ បានបញ្ជាក់ថានេះគឺជាលើកទីមួយក្នុងជីវិតដែលលោកត្រេកអរខ្លាំងព្រោះតែការស្វាមគមន៍វត្តមានកូនស្រីសម្លាញ់ចិត្តដែលបានកើតកាលពីថ្ងៃទី២២ ខែឧសភា នៅមន្ទីរពេទ្យឯកជនមួយនាស្តុបទេពផន ។ លោកថា ថ្ងៃនោះក៏ជាថ្ងៃដែលលោកបានយល់កាន់តែច្បាស់អំពីអារម្មណ៍ជម្រៅចិត្តពិតរបស់ឪពុកម្តាយដែលមានទឹកចិត្តស្រលាញ់កូនមានទំហំធំប៉ុណ្ណា ។ លោកថា កូនស្រីលោកមានសុខភាពល្អហើយភរិយាលោក ក៏សុខសប្បាយដែរដែលក្រោយពីសម្រាលលោកបានដាក់ឈ្មោះកូនស្រីថា”សារ៉ាវសីហ្វា” ហើយក៏ជាឈ្មោះដែលភរិយាលោកស្រលាញ់ពេញចិត្តផងដែរ ។
តារាចម្រៀងសំនៀងពីរភាសារូបនេះលើកឡើងដែរថា ពេលនេះលោកបានបង្កើនសមាជិកគ្រួសារថ្មីម្នាក់ទៀត ដែលធ្វើឲ្យលោកកាន់តែមានចិត្តព្យាយាមតស៊ូកាន់តែខ្លាំងដើម្បីជិវិតគ្រួសារមានសុភមង្គល និង ហ៊ានលះបង់កម្លាំងកាយចិត្តដើម្បីកូនផងដែរ ។ លោកមិនទាន់មានគម្រោងរៀបចំពិធីធំដុំស្វាមគមន៍សមាជិកថ្មីនៅឡើយព្រោះតែលោកមិនទាន់មានពេលវេលាគ្រប់គ្រាន់ហើយភរិយាក៏មិនទាន់រឹងដៃរឹងជើងធម្មតានោះ ។ លោកនៅមិនទាន់ច្បាស់អំពីគម្រោងទទួលយកកំណើតកូនទីពីរនៅពេលណានៅឡើយ ប៉ុន្តែប្រាកដណាស់លោក និង ភរិយាចង់ចំណាយពេលបន្តិចដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារឲ្យកាន់តែប្រសើរជាងនេះសិន៕ វឌ្ឍនា