ព័ត៌មានទាន់ហេតុការណ៍៖

កាប់ប្រពន្ធរបួស សមត្ថកិច្ចចូលចាប់ទាញផ្គាក់គំរាមទាល់តែប្រើរថយន្តបាញ់ទឹកទើបចាប់បាន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាំងលំបាក កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃ ពុធ ៩ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ឧសភាឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង បន្ទាប់ពីបានប្រើអំពើហិង្សាក្នុងគ្រួសារយកកាំបិតខ្វែវកាំលើប្រពន្ធរបួសធ្ងន់ ។

នគរបាលស្រុកអន្លង់វែងបានឲ្យដឹងថា ជនសង្ស័យឈ្មោះប៊ូ ប៊ី អាយុ៤៣ឆ្នាំ ជាប្តីមុខរបរធ្វើចម្ការ ។រីឯប្រពន្ធជាជនរងគ្រោះឈ្មោះសែត ចាន់ណា អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ បានរងរបួសត្រង់ដើមដៃឆ្វេង, ស្មាខាងស្ដាំ ក.ដៃស្ដាំ និងក្បាល៣កន្លែង ដោយត្រូវសមត្ថកិច្ចបញ្ជូនស្ត្រីរងគ្រោះទៅសង្គ្រោះនៅពេទ្យបង្អែកស្រុកអន្លង់វែង ។

យ៉ាងណានៅកន្លែងកើតហេតុ ជនសង្ស័យរូបនេះបានឈរកាន់កាំបិតខ្វែវជាប់នឹងដៃនៅក្នុងផ្ទះ មិនព្រមឱ្យសមត្ថកិច្ចចូលចាប់ខ្លួនតាមសម្រួលទេ ។ បន្ទាប់មក ជនសង្ស័យបិទទ្វារផ្ទះហើយចាក់សាំងដុតផ្ទះ និងយកខ្សែអង្រឹងចង.កនឹងធ្នឹមផ្ទះ ប៉ុន្តែភ្លាមៗនោះសមត្ថកិច្ចបានយករថយន្តអគ្គិភ័យបាញ់បាញ់ទឹកចូលក្នុងផ្ទះសំដៅជនសង្ស័យ ទើបធ្វើឱ្យរបូតកាំបិតពីដៃ ហើយកម្លាំងនគរបាលបានសម្រុកចូលចាប់ឆៅតែម្តង ។

ស្រី្តរងគ្រោះបានប្រាប់សមត្ថកិច្ចថា មូលហេតុកើតមានរឿងបែបនេះដោយសារប្តីប្រចណ្ឌគាត់ទើបឈ្លោះប្រកែក និងបានព្រមព្រៀងលែងលះគ្នាដោយប្ដីយកម៉ូតូ តែគាត់ជាប្រពន្ធមិនព្រមឱ្យ ទើបដណ្ដើមម៉ូតូគ្នា ក៏កើតជារឿងរ៉ាវប្តីយកកាំបិតផ្គាក់កាប់គាត់ទាំងកំរោលតែម្តង ៕ សហការី


ចែករំលែក៖