ភ្នំពេញ៖ ព្រះទន្លេដែលមានទីតាំងនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្លាប់តែមានទឹកស្អាត ពេលនេះបែរជាពោរពេញដោយគំនរសំរាមពាសពេញមាត់ទន្លេ ជះក្លិនស្អុយរលួយតែមិនដែលឃើញអាជ្ញាធរមូលដ្ឋានមានវិធានការយ៉ាងណានោះទេ។
ទីតាំងខាងលើយើងសង្កេតឃើញថា នៅមាត់ព្រះទន្លេចំហៀងខាងកើត ពីចុងជើងដល់មាត់ស្រះព្រះទន្លេខាងត្បូង ពោរពេញទៅដោយសំរាមមានក្លិនស្អុយរលួយ ងាយនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ និងអ្នករស់នៅក្បែរនោះ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ ក្រុមការងារនគរវត្ត បានទាក់ទងទៅលោក កង វង ដែលជាចៅសង្កាត់ចោមចៅ១ទើបនឹងឡើងកាន់តំណែកថ្មី តាមទូរស័ព្ទបានឲ្យដឹងថា ទីតាំងខាងលើជាប់ព្រំប្រទល់នឹងសង្កាត់ចោមចៅទី២ ហើយគាត់ក៏បានបញ្ជាកូនចៅរបស់លោកឲ្យប្រាប់ស៊ីនទ្រីមកប្រមូលដែរ តែសំរាមនៅតែមាន ពេលខ្លះគាត់បានប្រកាសប្រាប់ប្រជាពលរដ្ឋដែលនៅក្បែរកុំឲ្យយកសំរាមមកដាក់ទីនេះទៀត ប៉ុន្តែនៅមានសំរាមចាក់ចោលទីនេះដដែល ។
សូមបញ្ជាក់ថា ទីតាំងដែលចាក់សំរាមនោះមានប្រហែងជាង១០០ម៉ែត្រពោរពេញទៅដោយសំរាម ស្អុយរលួយហាក់ដូចជាគ្មានអជ្ញាធរ មិនដែលរវល់ ព្រោះយើងសង្កេតឃើញថា កាកសំណល់ដែលចាក់មកចាស់ៗហើយ ក៏មិនដែលឃើញមានសុីនទ្រីមកប្រមូលទេ គឺប្រជាពលរដ្ឋដែលនៅក្បែរនោះនាំគ្នាដុតចោល សង្ស័យតែទៅមុខបន្តិចទៀត ព្រះទន្លេក្លាចជាទីលានចាក់សំរាមហើយមើលទៅ បើនៅតែបែបនេះ ៕ សុខាសែនជ័យ